កូរ៉េខាងត្បូងបង្កើនថវិកាការពារជាតិ ដល់ជាង៤៧ពាន់លានដុល្លារ

សេអ៊ូល ៖ លោក Lee Jae Myung បាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងបង្កើនថវិកាការពារជាតិ ៨.២ភាគរយ ពោលគឺ កើនដល់ ៤៧.១ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៦។

ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានអះអាង នៅថ្ងៃពុធ ទី១ ខែតុលា ថា សន្តិភាពអាចកើតមានទៅបាន អាស្រ័យតែលើមូលដ្ឋានសន្តិសុខជាតិ ដ៏រឹងមាំប៉ុណ្ណោះ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Straitstimes។

នៅក្នុងទិវាកងកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូង លោក Lee បញ្ជាក់ថា «ដើម្បីធានាបាន នូវសន្តិភាព និងវិបុលភាព សម្រាប់កូរ៉េខាងត្បូង យើងមិនត្រូវពឹងលើអ្នកដ៏ទៃឡើយ តែត្រូវពង្រឹងកម្លាំងខ្លួនឯង»។ តាមលោក Lee កញ្ចប់ថវិកាការពារជាតិសម្រាប់ឆ្នាំក្រោយ នឹងផ្តោតលើការវិនិយោគបច្ចេកវិទ្យាទំនើបៗ ដូចជា យន្តហោះដ្រូន និងមនុស្សយន្ត។

លោក Lee បានចូលកាន់តំណែង កាលពីខែមិថុនា បន្ទាប់ពីការបោះឆ្នោតមុនកំណត់ ក្រោយការអស់តំណែងរបស់ លោក Yoon ដែលបានដាក់បទបញ្ជា ច្បាប់អាជ្ញាសឹក រយៈពេលខ្លី ដែលជំរុញឱ្យកងទ័ព និងឧទ្ធម្ភាគចក្រយោធាត្រូវបានដាក់ពង្រាយ ទៅកាន់សភា និងអគារផ្សេងៗទៀត។

ចាប់តាំងពីឡើងកាន់តំណែងមក លោក Lee Jae Myung តែងតែបានព្យាយាមស្តាទំនាក់ទំនង ជាមួយកូរ៉េខាងជើង តែ ក៏ព្រមានពីអាវុធនុយក្លេអ៊ែរ កើនឡើង របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ផងដែរ៕

ប្រភព៖ Straitstimes ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner