លោក ដូណាល់ ត្រាំ ចោទរុស្ស៊ី និង ចិនចង់តាមឱ្យទាន់ចំនួននាវាមុជទឹកនុយក្លេអ៊ែអាមេរិក

វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានលើកដៃចង្អុលមុខរុស្ស៊ី និង ចិនចំៗថា កំពុងសង្ញផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីតាមឱ្យទាន់សហរដ្ឋអាមេរិក តែលោកថា ទីក្រុងវ៉ាស៊ីនតោននៅតែវ៉ាដាច់ឆ្ងាយប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT។

ថ្លែងនៅចំពោះមុខមន្រ្តីយោធាអាមេរិកកំពូលៗ នៅឯមូលដ្ឋានកងទ័ពម៉ារីន Quantico កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី ត្រាំ បានប្រកាសក្តែងៗថា អាមេរិកបានវ៉ាដាច់រុស្ស៊ី-ចិនចំនួន ២៥ឆ្នាំហើយ ទាក់ទិននឹងចំនួននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

លោកប្រធានាធិបតី ត្រាំ បន្ថែមថា តាមពិត រុស្ស៊ីឈរនៅលំដាប់ទីពីរ ហើយចិនស្ថិតនៅលំដាប់ទី៣ ប៉ុន្តែអ្នកដឹងទេថា ពួកគេកំពុងព្យាយាមតាមឱ្យទាន់អាមេរិកនាពេលអនាគត។

លោកថា សព្វថ្ងៃ រុស្ស៊ី-ចិនមានចំនួននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្នុងចំនួនតិចតួចដូចគ្នា ប៉ុន្តែក្នុងរយៈពេល ៥ឆ្នាំទៀត ប្រទេសដៃគូរទាំងពីរអាចនឹងមានចំនួនស្មើគ្នាក៏ថាបាន។

គួរកត់សម្គាល់ គិតត្រឹមចុងឆ្នាំ ២០២៥នេះ មានប្រទេសមហាអំណាចចំនួន ៥ ដែលជះលុយច្រើនជាងគេលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ក្នុងនោះរួមមាន៖ អូស្រ្តាលី ចិន ឥណ្ឌា រុស្ស៊ី និងអាមេរិក។

អូស្រ្តាលីត្រូវបានព្យាករថា នឹងជះលុយកើនដល់ ៥២.៨ពាន់លានដុល្លារលើការបញ្ជាទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ ចិនត្រូវបានរំពឹងថា នឹងជះលុយប្រហែល ៣៦.៦ពាន់លានដុល្លារលើការផលិតនាវាមុជទឹកចម្បាំង និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

ឥណ្ឌាត្រូវបានព្យាករថា នឹងជះលុយប្រហែល ៣១.៦ពាន់លានដុល្លាលើការបញ្ជាទិញនាវាមុជទឹកប្រភេទផ្សេងៗក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ។ រុស្ស៊ីត្រូវបានរំពឹងថា នឹងជះលុយជិត ៣៥.៥ពាន់លានដុល្លារលើការបញ្ជាទិញនាវាមុជទឹកក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ អាមេរិកត្រូវបានព្យាករថា នឹងជះលុយប្រមាណ ២១៣.៩ពាន់លានដុល្លារលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ៕

ប្រភព ៖ RT និង naval technology ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner