អាជ្ញាធររាជធានីភ្នំពេញ ណែនាំដល់ក្រុមហ៊ុនដេញថ្លៃគម្រោងសង្កាត់ ត្រូវអនុវត្តឱ្យបានទាន់ពេល និងធានាបានសណ្តាប់ធ្នាប់ គុណភាពល្អ

(ភ្នំពេញ)៖ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ក្រុមហ៊ុនដេញថ្លៃគម្រោងសង្កាត់ ត្រូវអនុវត្តឱ្យបានទាន់ពេល និងធានាបានសណ្តាប់ធ្នាប់ គុណភាពភាពល្អ ។ លោក អុីម រ៉នហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ ថ្លែងដូច្នេះក្នុងឱកាសដែលរដ្ឋបាលខណ្ឌចំការមន បានដាក់ឱ្យដេញថ្លៃគំរោងមូលនិធីអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅសាលាខណ្ឌ ដោយមានការចូលរួមពី លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ប្រធានក្រុមប្រឹក្សាខណ្ឌ នាយករងទីចាត់ការផែនការ និងវិនិយោគ ព្រមទាំងអភិបាលរងខណ្ឌ ចៅសង្កាត់ទាំង៥ និងមានប្រជាពលរដ្ឋ ព្រមទាំងមានការចូលរួមដេញពីក្រុមហ៊ុនចំនួន១២ ផងដែរ ។

លោក កៀង ល័ក្ស បានអោយដឹងថា ឆ្នាំនេះ ជាឆ្នាំទី៥ របស់ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ បានលើកផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ តាមគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ ខណៈឆ្នាំកន្លងទៅនេះ យើងបានដំណើរការដេញថ្លៃគំរោងរបស់ សង្កាត់ទាំង៥ បានខិតខំកែលំអសោភ័ណ្ឌភាព កសាងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត ដូចជា ការជួសជុល ផ្លូវបេតុង គ្មានសរសៃដែក ជីកដាក់លូរំដោះទឹក ជួសជុលផ្លូវអ៊ុតកៅស៊ូ ជាដើម ហើយសម្រាប់ឆ្នាំ២០២៥ គម្រោងប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៥ ដែលបានដាក់ឱ្យដេញថ្លៃ នាពេលនេះ មានចំនួន ១៧គម្រោង រួមមាន៖

១-សង្កាត់ទន្លេបាសាក់ មានចំនួន ២គម្រោង គឺ ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង២៩៥ម៉ែត្រ ទទឹង៣,២ម៉ែត្រ ផ្ទៃក្រឡា ៩៦០,៨២ ម៉ែត្រការ៉េ, ដាក់លូ ទំហំ០,៦ម៉ែត្រ ប្រវែង ៣១៤ ម៉ែត្រ ។
២-សង្កាត់ទួលទំពូងទី១ មានចំនួន ២គម្រោង គឺ អ៊ុតកៅស៊ូប្រវែង ១១៥ម៉ែត្រ ទទឹង ៦,២ម៉ែត្រ ផ្ទៃក្រឡា ៩៦១ ម៉ែត្រការ៉េ, ដាក់លូ ទំហំ០,៦ម៉ែត្រ ប្រវែង ២៣១ ម៉ែត្រ។
៣-សង្កាត់ទួលទំពូងទី២ មានចំនួន ១គម្រោង គឺ អ៊ុតកៅស៊ូប្រវែង ២៩៥ម៉ែត្រ ទទឹង ៦ម៉ែត្រ ផ្ទៃក្រឡា ១.៧៧០ ម៉ែត្រការ៉េ។
៤-សង្កាត់បឹងត្របែក មានចំនួន ២គម្រោង គឺ អ៊ុតកៅស៊ូប្រវែង ៩១ម៉ែត្រ ទទឹង ៨ម៉ែត្រ ផ្ទៃក្រឡា ៧២៨ ម៉ែត្រការ៉េ, ដាក់លូ ទំហំ០,៦ម៉ែត្រ ប្រវែង ៣១០ ម៉ែត្រ ។
និង ៥-សង្កាត់ផ្សារដើមថ្កូវ មានចំនួន ១គម្រោង គឺ ដាក់លូ ទំហំ ០,៦ម៉ែត្រ ប្រវែង ៥៦៩ម៉ែត្រ ។

លោក កៀង ល័ក្ស បានស្នើគណៈកម្មការលទ្ធកម្មសង្កាត់នីមួយៗ ត្រូវពិនិត្យឱ្យបានហ្មត់ចត់ ចំពោះក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះក្នុងតម្លៃទាប ត្រូវធានាតាមលក្ខណៈបច្ចេកទេស ធានាគុណភាព ត្រូវធ្វើការតាមដានគម្រោងជាប្រចាំ និងត្រួតពិនិត្យវាយតំលៃ តាមដំណាក់កាលនីមួយៗ សហការជាមួយប្រជាពលរដ្ឋ ជាពិសេស ត្រូវរៀបចំកិច្ចសន្យាគម្រោង ដោយកុំគិតតែពីប្រាក់ចំណេញពេក ដែលអាចគ្មានគុណភាព ក្នុងការអនុវត្តគម្រោង ។

លោក អុីម រ៉នហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ក្រុមហ៊ុន ត្រូវមានក្រមសីលធម៌ ខណៈបទពិសោធន៍កន្លងមក មានក្រុមហ៊ុនបានចូលរួម ក្នុងកិច្ចលទ្ធកម្មនេះជាច្រើន តែមានក្រុមហ៊ុនមួយចំនួនតូច ហ៊ានដេញថ្លៃទាប ខ្លាំងជាងតំលៃប៉ាន់ស្មាន ប៉ុន្តែដល់ពេលអនុវត្តគំរោង គឺមានភាពយឺតយ៉ាវ គ្មានសោភ័ណ្ឌភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ពោល ក្រុមហ៊ុននោះ ចូលមកបំផ្លាញគម្រោងរបស់សង្កាត់តែម្តង ។ តែទន្ទឹមនឹងនោះ ក៏មានអ្នកទទួលការមួយចំនួនធំ មានការទទួលខុសត្រូវ នឹងអនុវត្តបានល្អ រហូតទទួលបាននូវប័ណ្ណសរសើរ ពីសាលារាជធានីភ្នំពេញទៀតផង ។

លោក អុីម រ៉នហាស្សាន់ ក៏បានណែនាំដល់ក្រុមហ៊ុនចូលរួមដេញថ្លៃទាំងអស់ ត្រូវពិចារណាឱ្យបានច្បាស់លាស់ពីតំលៃ និងស្ថានភាពទីតាំងគំរោង កុំឱ្យមានការដេញថ្លៃបានហើយ បែរជាអនុវត្តមិនបាន ។ សម្រាប់ក្រុមហ៊ុន អ្នកទទួលការដែលដេញថ្លៃឈ្នះ ត្រូវអនុវត្តគម្រោងឱ្យទាន់ពេលពេលវេលាកំណត់ តាមផែនការសកម្មភាព និងកិច្ចសន្យា និងរក្សាបាននូវសុវត្ថិភាពក្នុងការដ្ឋាន ហើយគម្រោងនីមួយៗ ត្រូវសម្អាតការដ្ឋានឱ្យបានល្អជាប្រចាំ ធានាបានសណ្តាប់ធ្នាប់ល្អងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

លោកអភិបាលរងរាជធានី បានលើកឡើងថា ថវិកាអភិវឌ្ឍន៍សង្កាត់នៅមានកម្រិត ដូច្នេះសូមប្រើប្រាស់ឲ្យយកចិត្តទុកដាក់លើបញ្ហានេះ ហើយក៏ជាការចាប់ផ្ដើម នៃការចាយថវិកាលើគម្រោងនីមួយៗ ដែលសង្កាត់អាចមានលទ្ធភាព ក្នុងការគ្រប់គ្រងគម្រោងរបស់ខ្លួនបាន។ លោកថា រដ្ឋបាលរាជធានីភ្នំពេញ នឹងចុះត្រួតពិនិត្យការងារអនុវត្តគម្រោងរបស់សង្កាត់ទាំងអស់ អញ្ចឹងទេ សុំឱ្យក្រុមហ៊ុនទាំងអស់ យកចិត្តទុកដាក់ ដោយការដេញថ្លៃនេះ សូមឱ្យធានាបាន នូវភាពត្រឹមត្រូវ និងធានាដល់គុណភាព ស្របតាមស្តង់ដារបច្ចេកទេស ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner