ដាណឺម៉ាកព្រមានថា អឺរ៉ុបប្រឈមមុខនឹងសង្រ្គាមកូនកាត់របស់រុស្ស៊ី

កូប៉ិនហាក់ ៖ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានព្រមានកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងតែប្រឈមមុខនឹង “សង្រ្គាមកូនកាត់” របស់រុស្ស៊ី និង បានជំរុញឱ្យអឺរ៉ុបបង្កើនការឆ្លើយតបរបស់ខ្លួន ជុំវិញបញ្ហាតានតឹងមួយនេះ។

លោកស្រីនាយករដ្ឋមន្ត្រី Frederiksen បាននិយាយយ៉ាងដូច្នេះថា ខ្ញុំសង្ឃឹមថា ឥឡូវនេះមនុស្សគ្រប់គ្នានៅអឺរ៉ុបទទួលស្គាល់អំពីការប្រឈមមុខនូវសង្រ្គាមកូនកាត់របស់រុស្ស៊ី និង បញ្ហាសន្តិសុខដ៏ធំបំផុត ចាប់តាំងពីការបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ។

ការព្រមានបែបនេះរបស់លោកស្រីនាយករដ្ឋមន្ត្រី Frederiksen ធ្វើឡើងចំពេលដែលដាណឺម៉ាកធ្វើជាម្ចាស់ផ្ទះស្វាគមន៍មេដឹកនាំអឺរ៉ុប សម្រាប់កិច្ចប្រជុំការពារជាតិ ដែលធ្វើឡើងស្ថិតក្រោមការរឹតបន្តឹងសន្តិសុខខ្ពស់ ដើម្បីឆ្លើយតបការហោះហើររំលោភបំពានដោយយន្តហោះដ្រូន ដែលគេសង្ស័យថា ជារបស់រុស្ស៊ី ទោះបីវិមានក្រឹមប្រកាសបដិសេដ។

ជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ីកំពុងព្យាយាមសាកល្បងពួកយើង ហើយរុស្ស៊ីក៏ព្យាយាមសាបព្រួសមនោគមបំបែកបំបាក់ និង ការព្រួយបារម្ភនៅក្នុងសង្គមអឺរ៉ុបរបស់យើងផងដែរ ប៉ុន្តែយើងនឹងមិនអនុញ្ញាតឱ្យរឿងនេះកើតឡើងជាដាច់ខាត។

បណ្តាមេដឹកនាំអឺរ៉ុបដែលមកចូលរួមកិច្ចប្រជុំកំពូលក្នុងរដ្ឋធានីដាណឺម៉ាក កំពុងបញ្ចេញព័ត៌មានលម្អិតសម្រាប់គម្រោងការពារជាតិជាអាទិភាព ក្នុងនោះក៏រួមមានផែនការកសាង “ជញ្ជាំងការពារយន្តហោះដ្រូន” សំដៅប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៊ី។

ហើយការពិភាក្សាកាលពីថ្ងៃពុធនេះដែរ ក៏ជាជំហានចុងក្រោយបង្អស់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ដើម្បីត្រៀមខ្លួនសម្រាប់ជម្លោះដ៏មានសក្តានុពលជា់មួយរុស្ស៊ីនៅឆ្នាំ ២០៣០ ខណៈមានការព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារអឺរ៉ុបក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner