ក្រសួងសុខាភិបាល បើកសន្និសិទជាតិ ស្ដីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៥
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលក្រោមការឧបត្ថម្ភពីគម្រោងពង្រឹង ប្រព័ន្ធអប់រំមុនបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល ដោយមានការគាំទ្រពីធនាគារពិភពលោក និង KFW បានរៀបចំសន្និសិទជាតិ ស្ដីពីសន្និសីទជាតិស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ក្រោមប្រធានបទពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាលដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ ។
ពិធីបើកនេះប្រព្រឹត្រ្តទៅនាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខារ៉េស៊ីដង់ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគ្រប់គ្រង គម្រោងពង្រឹងប្រព័ន្ធអប់រំមុនបម្រើការការងារ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នា វាគ្មិនជាតិ, វាគ្មិនអន្តរជាតិអញ្ជើញមកពីប្រទេសអូស្រ្តាលី សឹង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី,អ្នកសម្របសម្រួលជាតិ-អន្តរជាតិ ។
ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានឱ្យដឹងថាសន្និសីទជាតិនេះមានរយៈពេល២ថ្ងៃរៀបចំឡើងដើម្បីឱ្យអ្នកចូលរួមបានផ្លាស់ប្តូរចំណេះដឹងបទពិសោធន៍លើ ៖ ១.ការអប់រំអន្តរ វិជ្ជាជីវៈក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល ២.ទំនើបកម្មនៃប្រព័ន្ធឌីជីថលក្នុងការរៀន និងបង្រៀនក្នុងការ អប់រំវិជ្ជាជីវៈសុខាភិបាល ៣.ការបង្កើតឧបករណ៍វាយតម្លៃដើម្បីបំពេញតាមការអប់រំផ្អែកលើសមត្ថភាព ៤.សីលធម៌ និងវិជ្ជាជីវៈសុខាភិបាលក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល ។
ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាជនកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យបានសម្តែងនូវការកោតសរសើរចំពោះភាគីពាក់ព័ន្ធដែលបានចូលរួមចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ តាមរយៈការជម្រុញកិច្ចសហការ និងការពិភាក្សាគ្នាឱ្យមានការកែលម្អ ជាបន្តបន្ទាប់នៅក្នុងវិស័យអប់រំវិជ្ជាជីវៈសុខាភិបាល ៕








ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ