ប្រជាជនរងគ្រោះដោយទឹកជំនន់ជាងមួយពាន់គ្រួសារនៅស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់បានទទួលអំណោយ​ពីកាកបាទ​ក្រហមកម្ពុជា

ស្ទឹងត្រែង៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជាបានចាត់ឱ្យលោក យូ ឡាណា អគ្គលេខា​ធិការរងទី២ កាកបាទក្រហមកម្ពុជា អញ្ជើញសួរសុខទុក្ខ និងនាំ​យកអំណោយមនុស្សធម៌ជួយសម្រាល​ការលំបាកជូន​ប្រជាជន​រងគ្រោះដោយទឹកជំនន់ចំនួន ១.០១៩គ្រួសារ រស់នៅក្នុងភូមិ​ចំនួន២២ ឃុំចំនួន៩ នៃស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។

ក្នុងសកម្មភាពកាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥លោក យូ ឡាណា អគ្គលេខាធិការរង​ទី២កាក​បាទ​ក្រហម​កម្ពុជា បាននាំនូវព្រះបណ្ដាំរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា​ជាតិខ្មែរ ព្រះប្រធានកិត្តិយសកាក​បាទក្រហម​កម្ពុជា ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏​ជ្រាលជ្រៅ​​ជាមួយប្រជាជនទាំងអស់ រួមជាមួយការសោកស្តាយ​ចំពោះគ្រោះធម្មជាតិជំនន់ទឹកភ្លៀងដែលបានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាបងប្អូនជនជាតិដើម​ភាគ​តិចដែលរស់នៅទីនេះ ។

ទន្ទឹមនឹងការគិតគូរពីជីវភាពតាមរយៈឯកឧត្តម យូ ឡាណា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តាំផ្ញើ​ដល់បងប្អូនប្រជាជនទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវផ្លាស់ប្តូរ​ឥរិយាបថក្នុងការស់នៅ និងការហូបចុក ដោយត្រូវមានអនាម័យជាប់ជានិច្ច។

អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០គីឡូក្រាម, មីមួយកេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ប្រេងឆាមួយដប, ម្សៅសាប៊ូមួយកញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា)មួយកញ្ចប់។ ដោយឡែក កាកបាទ​ក្រហមកម្ពុជា ក៏បានឧបត្ថម្ភថ្នាំពេទ្យប្រភេទបញ្ចុះកម្តៅ និងបំបាត់ការឈឺចាប់ ចំនួន ២កេស ជូនដល់មណ្ឌល​សុខភាពតាឡាត ផងដែរ។

សូមជម្រាបជូនថា នៅថ្ងៃទី៣ ខែតុលាក្រុមការងារកាកបាទក្រហមកម្ពុជា ពីទីស្នាក់ការកណ្តាល និងសាខាខេត្ត​ស្ទឹងត្រែង នឹងបន្តចុះចែកអំណោយជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន ៤៨១គ្រួសារបន្ថែមទៀត ដែលរស់នៅ​ក្នុងភូមិចំនួន១០ នៃឃុំកំភុន ឃុំភ្លុក និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង៕

ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner