សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមថវិកាចំនួន ៥០លានរៀល ក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ
(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញទទួលថវិកាចំនួន ៥០លានរៀល ដែលជាសទ្ធាដ៏ជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។

ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ដែលជាសទ្ធាដ៏ថ្លៃថ្លានេះ ត្រូវបានឯកឧត្តម សេង ទៀង តំណាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យកមកប្រគល់ជូន សម្តេចមហាមន្ត្រី គុយ សុផល ដើម្បីចូលរួមក្នុងអង្គកឋិនទានព្រះរាជទ្រព្យ ព្រះករុណា ព្រះមហាក្សត្រ ដង្ហែទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងព័ទ្ធសីមា វត្តភ្នំព្រះពុទ្ធមានបុណ្យ ស្ថិតនៅភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ។

សូមជម្រាបថា បុណ្យកឋិនទាន ឆ្នាំនេះ ចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃពុធ ១រោច ខែអស្សុជ ដល់ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

បុណ្យកឋិនទាន ប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចជា៖ ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម, ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា ឱ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង, ដើម្បីផ្តល់កម្លាំងកាយ ចិត្ត ដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ, ដើម្បីបានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ និងដើម្បីកុំឱ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន ៕
ដោយ ៖ វណ្ណលុក
