រុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងនុយក្លេអ៊ែរឲ្យអាមេរិក ច្រើនជាងគេ
មូស្គូ ៖ រុស្សីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងនុយក្លេអ៊ែរដល់សហរដ្ឋអាមេរិក ច្រើនជាងគេ នេះបើយោងតាមទិន្នន័យ របស់ក្រសួងថាមពលអាមេរិក ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃទី១ ខែតុលា។
របាយការណ៍បានឱ្យដឹងថា អាមេរិកនៅតែទិញឥន្ធនៈអ៊ុយរ៉ាញ៉ូមពីប្រទេសរុស្ស៊ី បើទោះបីជាមានការហាមឃាត់ការនាំចូល ក្រោមការដឹកនាំ របស់អតីតប្រធានាធិបតី Joe Biden ក៏ដោយ។
ទិន្នន័យទីផ្សារអ៊ុយរ៉ាញ៉ូមប្រចាំឆ្នាំ របស់ក្រសួងថាមពលអាមេរិកបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ ២០% នៃសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ ដែលបានទិញសម្រាប់រ៉េអាក់ទ័រ របស់អាមេរិក ក្នុងឆ្នាំ២០២៤។ ប្រទេសបារាំង ផ្គត់ផ្គង់១៨%, ហូឡង់១៥%, អង់គ្លេស ៩% និង អាល្លឺម៉ង់ ៧% ខណៈដែល ១៩% នៃសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ ត្រូវបានផលិតក្នុងស្រុក។
លោក Biden បានចុះហត្ថលេខា លើច្បាប់ហាមឃាត់ការនាំចូលអ៊ុយរ៉ាញ៉ូម របស់រុស្ស៊ី ទៅជាច្បាប់ នៅឆ្នាំ២០២៤ ដោយបម្រាមនេះ ចូលជាធរមាន ជាផ្លូវការ នៅក្នុងខែសីហា ឆ្នាំនោះ។ ជាការសងសឹក ទីក្រុងមូស្គូបានដាក់កម្រិតបណ្តោះអាសន្ន លើការនាំចេញសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ ទៅកាន់សហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា។
ទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះមានប្រព័ន្ធលើកលែង ដែលអនុញ្ញាតឱ្យទិញពីប្រទេសរុស្ស៊ី រហូតដល់ឆ្នាំ២០២៨ ប្រសិនបើមិនមានការផ្គត់ផ្គង់ជំនួស ឬ ប្រសិនបើការនាំចូលត្រូវបានចាត់ទុកថា មានសារៈសំខាន់ ជាយុទ្ធសាស្ត្រ។
កាសែត Bloomberg បានរាយការណ៍ថា ការលើកលែងត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុន Constellation Energy Corp ដែលជាប្រតិបត្តិករនុយក្លេអ៊ែរធំបំផុតរបស់សហរដ្ឋអាមេរិក និង ក្រុមហ៊ុន Centrus Energy Corp ដែលក្រុមហ៊ុនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅអាមេរិក តែមួយគត់។
ជាការកត់សម្គាល់ ចាប់តាំងពីលោកប្រធានាធិបតី Donald Trump បានវិលត្រឡប់មកសេតវិមានវិញ នៅឆ្នាំនេះ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បានបើកការចរចា ដោយផ្ទាល់ឡើងវិញ អំពីជំហានដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មមានលក្ខណៈធម្មតាឡើងវិញ។
កាលពីខែមុន ក្រុមហ៊ុននុយក្លេអ៊ែររដ្ឋរបស់រុស្ស៊ី Rosatom បាននិយាយថា ខ្លួននៅតែជាអ្នកផលិតឥន្ធនៈកំពូល របស់ពិភពលោក សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ។ លោក Kirill Komarov អគ្គនាយករងទី១ បាននិយាយថា «យើងនៅតែកាន់កាប់តំណែងកំពូល នៅលើពិភពលោក សម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។
គួរបញ្ជាក់ថា ដំណឹងដែលថា រុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងនុយក្លេអ៊ែរកំពូលដល់អាមេរិក ត្រូវបានប្រកាសឲ្យដឹង ស្របពេលដែលលោក ដូណាល់ ត្រាំ បានដាក់គំនាបដល់ប្រទេសនានា ឲ្យឈប់ទិញប្រេងពីរុស្ស៊ី បើមិនចង់រងការដាក់ទណ្ឌកម្មពន្ធគយ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានអន្តរជាតិនានា៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត