អាជ្ញាធរជាតិអប្សរា រៀបចំវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលអប់រំបេតិកភណ្ឌ» ឲ្យយល់ដឹងអំពីបេតិកភណ្ឌ ប្រវត្តិសាស្រ្ត និងអារ្យធម៌អង្គរ

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា ដើម្បីពង្រឹងចំណេះដឹងទូទៅអំពីបេតិកភណ្ឌ ប្រវត្តិសាស្រ្ត និងគ្រប់គ្រងបេតិកភណ្ឌដល់គ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សានានាក្នុងតំបន់អង្គរ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលមួយក្រោមប្រធានបទ «គ្រូបង្គោលអប់រំបេតិកភណ្ឌ» ។

សិក្ខាសាលានេះ បានរៀបចំដោយនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ដែលមានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១ និងទី២ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិអប្សរា។

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ និងជាបុរាណវិទូ គឺជាគ្រូឧទ្ទេសក៍ នៅក្នុងសិក្ខាសាលានោះ ដែលមានគ្រូបង្គោលជាសិក្ខាកាមមកពីតាមបណ្តាសាលានានាក្នុងតំបន់អង្គរ ប្រមាណ ៣០នាក់ ចូលរួមស្តាប់ផងដែរ ។

គោលបំណងសំខាន់ នៃការរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើង គឺបង្កើនចំណេះដឹងទូទៅអំពីបេតិកភណ្ឌ ប្រវត្តិសាស្រ្តអារ្យធម៌អង្គរ ការងារអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌជូនគ្រូបង្រៀនសាលាបឋមសិក្សា ដូចជាសាលាបឋមសិក្សាក្របីរៀល, បឋមសិក្សាវត្តលលៃ, បឋមសិក្សាភូមិភាគ៤, បឋមសិក្សាតាប៉ាង, បឋមសិក្សាបង្កោងអូមីយ៉ាស៊ីធីរូតាវី, បឋមសិក្សាបាគង, បឋមសិក្សាហ៊ុនសែនរលួស ដើម្បីនាំយកចំណេះដឹងបន្ទាប់ពីរៀនវគ្គនេះចប់ទៅបណ្ដុះបណ្ដាល និងផ្សព្វផ្សាយបន្តដល់គ្រឹះស្ថានសិក្សានានាក្នុងតំបន់អង្គរ ។

ក្រោយវគ្គបណ្ដុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានការហ្វឹកហាត់ផ្ទាល់ក្នុងថ្នាក់រៀន ពេលក្រុមការងារអាជ្ញាធរជាតិអប្សរាចុះបង្រៀននៅឆ្នាំក្រោយ ។ ការយល់ដឹងពីប្រវត្តិសាស្រ្ត ត្រូវបានអ្នកប្រាជ្ញនៅលោកពិភពលោកបានឲ្យតម្លៃ ក៏ព្រោះតែដោយសារ គឺជាការសិក្សាអត្តសញ្ញាណជាតិមួយដ៏សំខាន់របស់ប្រទេសនីមួយៗ តាមរយៈសំណេរស្តីពីអតីតកាលនៃជីវីរភាពរស់នៃប្រជាជាតិមួយដែលគ្មានប្រជាជាតិណាផ្សេងទៀតដូចឡើយ ។ ជាកាតព្វកិច្ច ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែសិក្សាស្វែងយល់ និងស្គាល់ពីដំណើរនៃប្រវត្តិសាស្រ្តរបស់ជាតិខ្លួនឲ្យបានច្បាស់ ដើម្បីចៀសវាងនូវការប្រព្រឹត្តិជាន់ដានកំហុសដដែលៗនៃអតីតកាល និងដើម្បីបញ្ចៀសការបន្លំលួចយកដោយជាតិសាសន៍ដទៃផ្សេងទៀតផង ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ អាជ្ញាធរជាតិអប្សរា

ads banner