Putin ផ្តាំទៅ Trump ថា រុស្ស៊ីមិនមែនជាខ្លាក្រដាស
មូស្គូ ៖ មេដឹកនាំរុស្ស៊ី លោក ពូទីន បានព្រមានឆ្លើយតបភ្លាមៗលើអឺរ៉ុប និង ផ្តាំទៅកាន់ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ថា រុស្ស៊ីមិនមែនជាខ្លាក្រដាស។
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីនឹងឆ្លើយតបភ្លាមៗ ប្រសិនបើខ្លួនគិតថា អឺរ៉ុបកំពុងបង្ករឿង ហើយបាននិយាយថា ស្ទើរតែទាំងអស់នៃសម្ព័ន្ធមិត្តណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ឥឡូវនេះ កំពុងព្រួតដៃគ្នាប្រយុទ្ធជាមួយរុស្ស៊ីតែម្នាក់ឯង។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថែមទាំងបានវាយបកទៅកាន់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការហៅរុស្ស៊ីថាជា «ខ្លាក្រដាស» ដោយលើកឡើងថា អង្គការណាតូទេ ដែលអាចជាប្រទេសខ្លាក្រដាស និង ព្រមានសហរដ្ឋអាមេរិកវិញថា ប្រសិនបើខ្លួនផ្គត់ផ្គង់មីស៊ីល Tomahawk ដល់អ៊ុយក្រែន វានឹងបង្កឱ្យមានការកើនឡើងដ៏គ្រោះថ្នាក់។
សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ដែលជាសង្រ្គាមដ៏សាហាវបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ បានបង្កឱ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតរវាងរុស្ស៊ី និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាក្នុងឆ្នាំ ១៩៦២ ហើយ មន្ត្រីរុស្ស៊ីបាននិយាយថា ឥឡូវនេះ ពួកគេកំពុងស្ថិតក្នុងជម្លោះ “ក្តៅ” ជាមួយលោកខាងលិច។
ថ្លែងនៅឯក្រុមពិភាក្សា Valdai នៅក្នុងរមណីយដ្ឋានសមុទ្រខ្មៅ នៃទីក្រុង Sochi លោក ពូទីន បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងដើរទៅមុខ តាមបណ្តោយជួរមុខទាំងមូល ក្នុងប្រទេសអ៊ុយក្រែន ហើយថា ស្ទើរតែទាំងអស់ នៃសម្ព័ន្ធភាពណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ឥឡូវនេះ កំពុងប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី តែម្នាក់ឯង។
ប្រធានាធិបតីអាមេរិក លោក Trump ដែលពីមុន បាននិយាយថា ទីក្រុង Kyiv គួរតែបោះបង់ចោលទឹកដី ដើម្បីបង្កើតសន្តិភាព ជាមួយទីក្រុងមូស្គូ ស្រាប់តែបានផ្លាស់ប្តូរវោហាសាស្ត្ររបស់លោក យ៉ាងខ្លាំង កាលពីសប្តាហ៍មុន ក្នុងនោះ លោកបាននិយាយថា អ៊ុយក្រែនអាចដណ្តើមយកទឹកដីទាំងអស់ ពីរុស្ស៊ី មកវិញ ហើយបានចាត់ទុកទីក្រុងម៉ូស្គូ ជា “ខ្លាក្រដាស”៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

