ប្រជាពលរដ្ឋរស់នៅខណ្ឌបឹងកេង កង ស្នើអាជ្ញាធររាជធានីភ្នំពេញជួយដាក់បង្គោលភ្លើង អំពូល ស្តារលូ និង ដាក់បណ្តាញលូថ្មី
(ភ្នំពេញ)៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែតុលាឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋរស់នៅខណ្ឌបឹងកេងកងភាគច្រើនលើកឡើងពាក់ព័ន្ធនឹងវិស័យសាធារណការ ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញជួយ ពិសេសគឺការសុំជួយដាក់បង្គោលភ្លើង អំពូល ការស្តារលូ និង ដាក់បណ្តាញលូថ្មី ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ក្រោមអធិបតី ឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងជាតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានសំណើរនិងសំណូមពរ ផ្ទាល់មាត់ចំនួន៨នាក់ និងសំណើជាលាយលក្ខណ៍អក្សចំនួន២០ បញ្ហា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ៤១៦នាក់។ បញ្ហាដែលពលរដ្ឋលើកឡើងក្នុងវេទិកាខាងលើនេះ ភាគច្រើនពាក់ព័ន្ធនឹងវិស័យសាធារណការ ដូចជាសុំជួយដាក់បង្គោលភ្លើង អំពូលភ្លើងសាធារណៈ ការស្តារលូនិងដាក់បណ្តាញលូថ្មីជាដើម ជាមួយនិងការសុំមានវិធានការជុំវិញ ម៉ូតូ ដឹកទំនិញនិងម្ហូបអាហារតាមអនឡាញ បានបើកបរលឿន ជ្រែគេឯង និងមើលទូរស័ព្ទពេលបើកបរ ធ្វើឱ្យគ្រោះថ្នាក់ចរាចរដ៏អ្នកដទៃ។
លោក ហួត ហៃ បានមានប្រសាសន៍ទៀតថា ចំពោះការស្នើឡើងរបស់ប្រជាពលរដ្ឋ អាជ្ញាធររាជធានីនឹងពន្លឿនការដោះស្រាយបញ្ហាទាំងអស់នេះ ដើម្បីឆ្លើយតបទៅនឹងសំណើរនិងសំណូមពរដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋ។ ចំពោះបញ្ហា មិនទាន់ដោះស្រាយបាន រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តពិភាក្សាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា៖ ចំពោះសុំជួយដាក់បង្គោលភ្លើង អំពូលភ្លើងសាធារណៈ ការស្តារលូនិងដាក់បណ្តាញលូថ្មី មន្ទីរនិងអនុវត្តភ្លាមៗ តែចំពោះគម្រោងសុំធ្វើលូថ្មីនៅផ្លូវ៣៩២ នៅផ្សារបឹងកេងកង មន្ទីរនឹងសុំគោលការណ៍ទៅអភិបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយឱ្យទាន់ពេលផងដែរ។
ចំពោះការស្នើសុំមានវិធានការជុំវិញ ម៉ូតូដឹកទំនិញ ម្ហូបអាហារតាមអនឡាញ បើកបរលឿនជ្រែគេឯងនោះ ត្រូវបានលោកអធិការនរគបាលខណ្ឌបឹងកេងកង បញ្ជាក់ថា នៅក្នុងខណ្ឌបឹងកេងកងមានក្រុមហ៊ុនដឹកជញ្ជូនបែបនេះ ២ក្រុមហ៊ុន យើងធ្លាប់បានណែនាំពួកគាត់ហើយ ធ្វើយ៉ាងណា កុំតែ ដើម្បីផលប្រយោជន៍ខ្លួនឯងធ្វើឱ្យប៉ះពាល់អ្នកដទៃ។
ឯកឧត្ដម ជួប ខុន បានបញ្ជាក់ថា វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយផ្តោត សំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋលើបញ្ហាសន្តិសុខ សណ្តាប់ ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្ត ការដោះស្រាយជូន។
ឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយ នាថ្ងៃនេះ ផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយ សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ






















