អភិបាលរាជធានីភ្នំពេញ ឱ្យ អាជ្ញាធរខណ្ឌពោធិសែនជ័យ ធ្វើការស្តារប្រឡាយ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង
(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ និង អាជ្ញាធរដែនដីចុះពិនិត្យប្រឡាយនៅភូមិចាក់ជ្រូក សង្កាត់ចោមចៅទី៣ និងបន្តពិនិត្យមើលប្រឡាយចំការឪឡឹក ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជំរុញឱ្យ អាជ្ញាធរខណ្ឌពោធិសែនជ័យ ធ្វើការ ស្តារប្រឡាយ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនាភូមិដ្ឋានប្រជាពលរដ្ឋនៅតំបន់នេះ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ ជីកស្តារប្រឡាយក្នុង
ភូមិចាក់ជ្រូក និងស្តារប្រឡាយ ក្នុងភូមិចំការឪឡឹក ក្នុងសង្កាត់ចោមចៅទី៣ និងក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ សំដៅធ្វើយ៉ាងណារំដោះទឹក កុំឱ្យលិចលង់នៅតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពិសេសនៅតំបន់ដងនង្គល។
ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការរាជធានីភ្នំពេញចុះពិនិត្យនិងសិក្សាបន្ថែម ដើម្បីដាក់លូប្រអប់ នៅចំណុចផ្លូវឆ្លងកាត់។ ក្រោយការសិក្សាបានលម្អិតហើយ នៅរដូវប្រាំងខាងមុខនេះ ការដ្ឋានដាក់លូប្រអប់នេះនឹងចាប់ផ្តើមការដ្ឋានតែម្តង៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ







