សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ការធ្វើកំណែទម្រង់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីពង្រឹងប្រសិទ្ធភាព បម្រើប្រជាពលរដ្ឋរបស់តំណាងរាស្រ្ត

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតីឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២ ខែតុលាឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយវឌ្ឍនភាព និងទិសដៅបន្តនៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិច (E-parliament) របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា ពិធីផ្សព្វផ្សាយនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការអនុវត្តនូវអនុសាសន៍ដែលសម្តេចបានដាក់ចេញ ចាប់តាំងពីដើម នីតិកាលទី៧ និងជាពិសេសអនុសាសន៍នាពេលថ្មីៗកន្លងទៅ។ វឌ្ឍនភាព និងសមិទ្ធផលការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលកិច្ចការនេះជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបាន នៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលត្រូវបានចាត់ទុកជា ”ឆ្អឹងខ្នងមួយដ៏សំខាន់ក្នុងការធានានិរន្តរភាពប្រទេសជាតិ”។

ជំនួសមុខឱ្យតំណាងរាស្រ្តទាំងអស់ សម្តេចប្រធានរដ្ឋសភា បានថ្លែង នូវការកោតសរសើរ និង អបអរសាទរចំពោះលទ្ធផលដ៏ល្អគួរជាទីមោទនៈ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងមន្រ្តីគ្រប់អង្គភាពទាំងអស់បន្តចូលរួមឱ្យកាន់តែសកម្មថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅរបស់យើង ជាពិសេស ការប្រែក្លាយសភាកម្ពុជា ឱ្យទៅជាសភាអេឡិចត្រូនិច នាពេលអនាគត។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថាកំណែទម្រង់ជារឿងស្មុគស្មាញមួយប៉ុន្តែដូចប្រសាសន៍សម្តេចតជោ ហ៊ុន សែន បានលើកឡើងដូច្នេះដែរ “បើយើងកែទម្រង់ គឺយើងរស់ បើយើងមិនកែទម្រង់ទេ យើងប្រាកដជាស្លាប់”។

សម្តេចប្រធាននរដ្ឋសភា ស្នើដល់មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នេះទាំងអស់គ្នានិងត្រូវខិតខំបំពេញភារកិច្ច ដោយយកចិត្តទុកដាក់ លើកកម្ពស់សេវាកម្មជូនតំណាងរាស្រ្តក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពឡើង ដោយសម្តេចបានសង្កត់ធ្ងន់ថា ការធ្វើកំណែទម្រង់គឺដើម្បី ពង្រឹងប្រសិទ្ធភាព សុខដុមនីយកម្ម និងសាមគ្គីភាពដើម្បីរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសជាតិ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner