សិង្ហបុរីបរិច្ចាគ ៤ម៉ឺនដុល្លារគាំទ្រសកម្មភាពសង្គ្រោះបន្ទាន់ ក្រោយរញ្ជួយដីនៅហ្វីលីពីន
សិង្ហបុរី ៖ កាកបាតក្រហមសិង្ហបុរី (SRC) ប្រកាសនឹងបរិច្ចាគប្រាក់ប្រមាណ ៣៨,៨០០ដុល្លារជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់នៅប្រទេសហ្វីលីពីន បន្ទាប់ពីការរញ្ជួយដីក្នុងកម្រិត ៦.៩រ៉ិកទ័រវាយប្រហារខេត្ត Cebu កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ។
កញ្ចប់ថវិកាជំនួយទាំងនេះ ត្រូវបានរំពឹងថា នឹងប្រើប្រាស់លើតម្រូវការផ្គត់ផ្គង់ថ្នាំពេទ្យ ទឹកស្អាតសម្រាប់បរិភោគ ទឹកអនាម័យ ព្រមទាំងសកម្មភាពផ្តល់ជំនួយផ្នែកសុខភាពផ្លូវចិត្ត និងការលើកទឹកចិត្តផ្សេងទៀតដែលផ្តល់ដោយកាកបាទក្រហមហ្វីលីពីន។
ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ក៏បានផ្ញើសារលិខិតទៅកាន់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr កាលពីថ្ងៃព្រហស្បតិ៍ផងដែរ ដើម្បីចូលរួមរំលែកទុក្ខ បន្ទាប់ពីគ្រោះរញ្ជួយដី។
ជាមួយគ្នានេះ ក្រុមឃ្លាំមើលគ្រោះមហន្តរាយរបស់កាកបាតក្រហមសិង្ហបុរី ក៏កំពុងតាមដានយ៉ាងដិតដល់នូវឥទ្ធិពលនៃព្យុះស៊ីក្លូនត្រូពិក Matmo ដែលត្រូវបានគេរំពឹងថា នឹងបោកបក់ទៅវាយប្រហារប្រទេសហ្វីលីពីន នៅក្នុងថ្ងៃសុក្រនេះ។
គួរកត់សម្គាល់ ប្រទេសហ្វីលីពីនបានទទួលរងការវាយប្រហារពីព្យុះទីហ្វុងចំនួនពីររួចមកហើយនាពេលថ្មីៗនេះ។ តួយ៉ាង ព្យុះទីហ្វុង Bualoi បានសម្លាប់មនុស្ស ៣៧នាក់ និងបង្ខំមនុស្ស ៤០០,០០០នាក់ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងនៅភាគខាងជើងប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន ខណៈដែលព្យុះទីហ្វុង Ragasa ក៏បានសម្លាប់មនុស្សអស់ ១៤នាក់កាលពីចុងខែកញ្ញាផងដែរ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា


