ប្រធានរដ្ឋសភាកម្ពុជា អរគុណសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី ក្នុងការសម្របសម្រួល ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដើម្បីត្រួតពិនិត្យនិងអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយឯកឧត្តមបណ្ឌិត ដាតុក វីរ៉ា ម៉ុដ ហាតា ប៊ីន អឹមឌី រ៉ាមលី (YB SENATOR DATUK WIRA DR. MOHD HATTA BIN MD RAMLI) សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធថែមទៀត ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។ សម្តេចបានអបអរសាទរសភាប្រទេសម៉ាឡេស៊ី ដែលបានចំរៀបមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ទទួលបានជោគជ័យ នៅក្នុងការលើកកម្ពស់សុខសន្តិភាព វិបុលភាព សហគមន៍អាស៊ាន ប្រកបដោយចីរភាពនិងបរិយាបន្ន។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថានៅក្នុងនាមជាតំណាងប្រជាពលរដ្ឋ សភាមានតួនាទីសំខាន់ ក្នុងការស្វែងរកដោះស្រាយនានាជូនពលរដ្ឋ ធានាសុខសន្តិភាព សុវត្ថិភាពជូនម្ចាស់ឆ្នោត។ ប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ ព្រមទាំងតួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួល និងដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដើម្បីត្រួតពិនិត្យនិងអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានរំលឹកថាកម្ពុជាស្រឡាញ់សន្តិភាព ការពារសន្តិភាព ដោយសារកម្ពុជា ធ្លាប់បានឆ្លងកាត់សង្រ្គាមនិងបានហែលឆ្លងទុក្ខលំបាកពីសង្រ្គាមអស់ជាច្រើនទសវត្សរ៍មកហើយ។ដូច្នេះមិនចង់ឃើញពលរដ្ឋខ្លួនឬជាតិសាសន៍ដទៃជួបទុក្ខលំបាកពីសង្រ្គាមទៀតនោះឡើយ។

ឯកឧត្តមបណ្ឌិត ដាតុក វីរ៉ា ម៉ុដ ហាតា ប៊ីន អឹមឌី រ៉ាមលី បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលស្វាគមន៍និងជួបពិភាក្សាជាមួយគណៈប្រតិភូនៅក្នុងឱកាសនេះ។

ឯកឧត្តមបណ្ឌិត បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា អំពីលទ្ធផលជាវិជ្ជមានជាច្រើន នៅក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅក្នុងឱកាសនេះ មានជំនួបសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាដើមនោះ ធ្វើឱ្យគណៈប្រតិភូបានយល់កាន់តែច្បាស់ពីជម្លោះព្រំដែនកម្ពុជានិងថៃ។ ឯកឧត្តមប្រធានគណៈប្រតិភូ បានគាំទ្រឆន្ទៈមោះមុត និងការចូលរួមរបស់ថ្នាក់ដឹកនាំកម្ពុជាក្នុងការលើកកម្ពស់ សុខសន្តិភាព សម្រាប់ភពផែនដី៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner