អ្នកស្លាប់កើនដល់៨នាក់ ករណីបាក់សាលាឥណ្ឌូណេស៊ី

ហ្សាកាតា ៖ ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ នៅក្នុងការបាក់រលំសាលារៀន នៅប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់៨នាក់ បន្ទាប់ពីបានទាញយកសពក្មេងប្រុស ៣នាក់ទៀត ចេញមកក្រៅ គិតត្រឹមថ្ងៃសុក្រនេះ។

យ៉ាងណាមិញ មនុស្សរាប់សិបនាក់ នៅតែត្រូវបានគេជឿថា ស្ថិតក្រោមគំនរបាក់បែក ដោយគ្មានសញ្ញាថានៅមានអាយុជីវិត ខណៈដែលអាណាព្យាបាល ឪពុកម្តាយទន្ទឹងរង់ចាំយ៉ាងអន្ទះសារ។

ក្រុមមន្ត្រីបាននិយាយថា មនុស្សចំនួន ៥៩នាក់ ត្រូវបានគេភ័យខ្លាចថា នៅបាត់ខ្លួន មិនទាន់រកឃើញ។ ក្រុមមន្ត្រីអះអាងថា ប្រតិបត្តិការជួយសង្គ្រោះ មានភាពស្មុគ្រស្មាញ ដោយសារការរំញ័រ ដែលកើតឡើង នៅកន្លែងតែមួយ អាចប៉ះពាល់ ដល់តំបន់ផ្សេងទៀត។

ប៉ុន្តែក្រុមគ្រួសារនៃអ្នកបាត់ខ្លួនបានយល់ព្រម កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ឧបករណ៍ធុនធ្ងន់ អាចត្រូវបានប្រើប្រាស់។ យ៉ាងហោចណាស់ រថយន្តស្ទូចមួយគ្រឿង ត្រូវបានគេដាក់ពង្រាយ ដើម្បីបោសសម្អាតកម្ទេចកម្ទី ដោយរំពឹងថា នឹងត្រូវបានអំពាវនាវ ឱ្យបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។

អ្នកជំនាញបាននិយាយថា ការស៊ើបអង្កេត លើមូលហេតុ នៃការដួលរលំនេះ កំពុងបន្តធ្វើ ប៉ុន្តែ សញ្ញាដំបូង បានចង្អុលបង្ហាញ ពីសំណង់ដែលមិនមានស្តង់ដារ។ សិស្ស ភាគច្រើន ជាក្មេងប្រុស រៀននៅថ្នាក់ទី ៧ ដល់ទី ១២ ដែលមានអាយុចន្លោះ ពី ១២ ទៅ ១៩ ឆ្នាំ។ ហេតុការណ៍បាក់សាលានេះ បានកើតមាន កាលពីថ្ងៃចន្ទ ហើយសាលា មានទីតាំងនៅតំបន់Sidoarjo នៅផ្នែកខាងកើតនៃកោះ ជ្វា របស់ឥណ្ឌូនេស៊ី៕

ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner