ផ្លូវជនបទនៅទូទាំងប្រទេស កំពុងត្រូវបានកែលម្អ និងថែទាំ ដើម្បីជួយសម្រួលជីវភាពពលរដ្ឋ
(កណ្តាល)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងធ្វើការកសាងជួសជុលកែលម្អ នូវផ្លូវជនបទនានា ឱ្យប្រែក្លាយទៅជាផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហមជាដើម ដែលការអភិវឌ្ឍទាំងអស់នេះ កំពុងជួយជំរុញកំណើនសេដ្ឋកិច្ច របស់ពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសពលរដ្ឋនៅតំបន់ជនបទ។
ក្នុងឱកាសដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃលទ្ធផលការងារលើកកម្រិតគុណភាពផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ១,៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស ០,២ម៉ែត្រ និងសាងសង់លូមូលមុខមួយ ចំនួន២កន្លែង ស្ថិតនៅភូមិទែន ទៅភូមិដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (គម្រោងលេខ DRR-NC-2025-No.013,103017) និងជួបសំណេះសំណាលអាជ្ញាធរ និងពលរដ្ឋ ឯកឧត្តម សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលបានកំណត់អាទិភាពគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ជាបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេស ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្រាប់ផ្លូវបេតុងចំនួន ១ខ្សែនេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក២១ ដឹកនដោយលោកឧត្តមសេនីយ៍ទោ សោម សុដេត នាយករងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។
ជាមួយនេះគណៈកម្មាធិការអន្តរក្រសួង បានណែនាំដល់អ្នកទទួលការ និងបងប្អូនប្រជាពលរដ្ឋឱ្យជួយថែទាំផ្លូវនេះ ឱ្យបានដិតដល់ ដើម្បីធានាថាអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
គួរជម្រាបជូនផងដែថា ប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ បានសម្ដែងនូវការសាទរ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយថាមវន្ដរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្ដល់ផ្លូវថ្មី មានភាពងាយស្រួលសម្រាប់ការធ្វើដំណើរ ការដឹកជញ្ជូន និងការប្រកបមុខរបបផ្សេងៗ ដែលផ្ទុយពីអតីតកាលផ្លូវមានសភាពលំបាកដោយសារជង្ហុកធំៗ រអិល និងហុយដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ជាញឹកញាប់ និងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ៕





ដោយ÷ង៉ាន់ ទិត្យ
រូបភាព÷ រិន រចនា