ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ នៃយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ ថៃ ជួបគ្នានៅថ្ងៃនេះ
ភ្នំពេញ៖លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថានៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គឺយោធភូមិភាគទី៤ ភាគីកម្ពុជា និងយោធភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។
ប្រភពដដែលបញ្ជាក់ថា ក្រុមលេខាធិការបស់កម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការយោធភូមិភាគទី២។កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាគ្នាលើកាលបរិច្ឆេទនៃកិច្ចប្រជុំ ,ខ្លឹមសារនៃកិច្ចប្រជុំនាពេលខាងមុខ។
សូមជម្រាបថា តាមការបញ្ជាក់របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា កាលពីពេលថ្មីៗនេះបានឱ្យដឹងដែរ
ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ(RBC)រវាងយោធភូមិភាគទី៣នៃព្រះរាជាណាចក្រកម្ពុជា និងកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាតនៃព្រះ រាជា ណាចក្រថៃគ្រោងនឹងត្រូវធ្វើនៅ ក្នុងអំឡុងខែ តុលា នេះ។ យោធភូមិភាគទី៣កម្ពុជាបានបញ្ជូនលិខិតអញ្ជើញរួចហើយទៅកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាតថៃ ដើម្បីជួបប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា នៅខេត្តកោះកុងដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
បន្តមកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ(RBC) រវាងយោធភូមិភាគទី៤នៃព្រះរាជាណាចក្រកម្ពុជា និងយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃគ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលានេះដែរ។ យោធភូមិភាគទី៤ កម្ពុជា បាន បញ្ជូនលិខិតអញ្ជើញរួចហើយទៅយោធភូមិភាគទី២ ថៃ ដើម្បីជួប ប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕
ចំណែកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលានេះដែរ។ យោធភូមិភាគទី៥ កម្ពុជា បានបញ្ជូនលិខិតអញ្ជើញរួចហើយទៅកងទ័ពភូមិភាគទី១ ថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលានៅខេត្តបន្ទាយមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ជាមួយគ្នានេះកាលពីព្រឹកថ្ងៃសុក្រទី៣ ខែតុលា ឆ្នាំ២០២៥ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន៕













ដោយ៖ម៉ាដេប៉ូ
រូបភាពៈក្រសួងការពារជាតិ