កាសែតអាមេរិកថា មីស៊ីលរុស្ស៊ីឥឡូវនេះខ្លាំងជាងប្រព័ន្ធការពារដែនអាកាស Patriots

កៀវ ៖ យោធារុស្ស៊ីបានធ្វើទំនើបកម្មមីស៊ីលរបស់ខ្លួន ដើម្បីគេចពីប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន រួមទាំងប្រព័ន្ធប្រឆាំងកាំជ្រួច Patriot ផលិតដោយសហរដ្ឋអាមេរិក ដែលជាខែលការពារដ៏សំខាន់របស់ទីក្រុងកៀវ។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពពីមន្ត្រីអ៊ុយក្រែន និងលោកខាងលិច។

ប្រទេសរុស្ស៊ីទំនងជាបានធ្វើទំនើបកម្មនូវប្រព័ន្ធមីស៊ីលចល័ត Iskander-M និង Kinzhal ដោយកាសែត Financial Times បានរាយការណ៍ថា អតីតមន្ត្រីអ៊ុយក្រែនម្នាក់បានហៅភាពបត់បែននេះថា ជា “ការផ្លាស់ប្តូរហ្គេមរបស់រុស្ស៊ី” ក្នុងសង្គ្រាមនៅអ៊ុយក្រែន។

មន្រ្តីដដែលក៏បានអះអាងដែរថា ការបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ដែលជាឧបករណ៍យោធាតែមួយគត់នៅក្នុងឃ្លាំងសព្វាវុធរបស់អ៊ុយក្រែន ដែលមានសមត្ថភាពទប់ទល់នឹងមីស៊ីលផ្លោងរបស់រុស្ស៊ីនោះ គឺមិនលឿនដូចការគ្រោងទុកនោះទេ ពោលគឺលែងមានសមត្ថភាពស្ទាក់ចាប់មីស៊ីលរុស្ស៊ីបានទៀតហើយ។

តួយ៉ាង ផ្អែកតាមទិន្នន័យដែលចេញផ្សាយដោយកងទ័ពអាកាសអ៊ុយក្រែន បានបង្ហាញថា អត្រាស្ទាក់ចាប់មីស៊ីលផ្លោងរបស់រុស្ស៊ីមានភាពប្រសើរឡើងក្នុងរដូវក្តៅ ដែលឈានដល់ ៣៧% នៅក្នុងខែសីហា ប៉ុន្តែបន្ទាប់មកបានធ្លាក់ចុះមកត្រឹមតែ ៦% ប៉ុណ្ណោះនៅក្នុងខែកញ្ញា។ ហើយអ៊ុយក្រែនក៏បានចែករំលែកព័ត៌មាននេះជាមួយមន្ទីរបញ្ចកោណ និងអ្នកផលិតអាវុធផងដែរ។

ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីអ៊ុយក្រែន និងលោកខាងលិចបានត្អូញត្អែលប្រាប់អ្នកសារព័ត៌មានថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពស្ទាក់ចាប់មីស៊ីលនៃប្រព័ន្ធ Patriots ក៏ដោយ ប៉ុន្តែការធ្វើទំនើបកម្មនោះហាក់មានភាពយឺតយ៉ាវជាងយុទ្ធសាស្ត្រវិវត្តរបស់ប្រទេសរុស្ស៊ីនៅលើសមរភូមិ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner