សំណង់កំពង់ផែទេសចរណ៍ថ្មីនៅខេត្តកំពង់ចាម នឹងក្លាយជា ការតភ្ជាប់សេដ្ឋកិច្ច និងទេសចរអន្តរជាតិ

កំពង់ចាម៖ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៣ ខែតុលា បាន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

កំពង់ផែទេសចរណ៍កំពង់ចាមដែលប្រារព្ធបើកការដ្ឋាននេះមានទីតាំងស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ស្ថិតនៅទីតាំងទីលានចំណតកំពង់ចម្លងចាស់ ដែលគ្រោងសាង សង់ឡើងនៅលើច្រាំងទន្លេ ដែល​ជាដីកម្មសិទ្ធិរបស់រដ្ឋ ។ផ្អែកតាម ផែនការនៃការអនុវត្តគម្រោងនៃការសាងសង់សំណង់កំពង់ផែ​សម្រាប់ដំណាក់​កាល​ទី១នេះ នឹងប្រើប្រាស់រយៈពេល ២៤ខែ ។ជាមួយគ្នានេះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី២ ដែលរួម​មាន អគាររដ្ឋបាល និងកន្លែងរង់ចាំសម្រាប់ភ្ញៀវទេសចរ នឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ។

យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងកំពង់ផែទេសចរណ៍នេះ នឹងដើរតួនាទីសម្រាប់​តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរនៅក្នុងស្រុក តាមតំបន់ទន្លេ មេគង្គលើរហូតទៅខេត្តក្រចេះជាដើម និងការដឹក​ជញ្ជូន​ភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមទន្លេមេគង្គពីប្រទេស វៀតណាមទៅ-មក រាជធានីភ្នំពេញ និងបន្តមកលេង​កម្សាន្ត នៅខេត្តកំពង់ចាម និងខេត្តក្រចេះ ក៏ដូចជាតំបន់ជុំវិញដែល មានសក្តានុពល និងតភ្ជាប់ការដឹកជញ្ជូនតាម​ព្រែកជីកហ្វូណនតេជោ។ គម្រោងកំពង់ផែទេសចរណ៍នេះ គឺជាគម្រោងមួយមានសក្តានុពលដែលនឹងចូល​រួមចំណែក​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងលើក កម្ពស់សោភណភាព គុណភាពនៃការរស់នៅបែបស៊ីវិល័យ​របស់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាមផងដែរ។

ក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នេះ​ជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹង ប្រែងរបស់​រាជរដ្ឋាភិបាលក្នុង​ការជំរុញ​រៀបចំ​ឱ្យមានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់ការដឹក​ជញ្ជូន​តាមផ្លូវទឹក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ បន្ថែមទៀតស្របតាមបរិបទ ការរីកចម្រើនរបស់ប្រទេសកម្ពុជា​នាពេល​បច្ចុប្បន្ន និងជីវភាពរុងរឿងរបស់ប្រជាជន រួមជាមួយនឹង កំណើននៃសក្តានុពលទេសចរណ៍នៅក្នុង​ខេត្តកំពង់​ចាម​ផងដែរ ដែលទាំងនេះ គឺជាកត្តាជំរុញឱ្យរាជរដ្ឋាភិបាល តាមរយៈក្រសួង សាធារណការ និងដឹកជញ្ជូន ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ចាម ធ្វើការសិក្សា រៀបចំការអភិវឌ្ឍគម្រោង​ហេដ្ឋារចនា​សម្ព័ន្ធកំពង់ផែទេសចរណ៍ នៅក្នុងខេត្តនេះ៕
ដោយ៖លី ពៅ

ads banner