ប្រជាជនរងគ្រោះដោយទឹកជំនន់ នៅស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ទទួលអំណោយកាកបាទក្រហមកម្ពុជា

(ស្ទឹងត្រែង)៖ កាកបាទក្រហមកម្ពុជា នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានបន្តនាំអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ ៤៨១ គ្រួសារបន្ថែមទៀត រស់នៅក្នុងភូមិចំនួន១០ នៃឃុំកំភុន ឃុំភ្លុក និងឃុំសាមឃួយ នៃស្រុកសេសាន ដែលសរុបប្រជាជនរងគ្រោះដោយទឹកជំនន់ ដែលបានទទួលអំណោយពីកាកបាទក្រហមកម្ពុជា គឺ ១.៥០០គ្រួសារ មកពីភូមិចំនួន៣២ ឃុំចំនួន១២ នៃស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង តំណាងឱ្យប្រជាពលរដ្ឋនាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានគិតគូរជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា ។

ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បាននាំនូវព្រះបណ្ដាំរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅ រួមជាមួយការសោកស្តាយជាមួយប្រជាជនទាំងអស់ ដែលបានរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់ ដែលផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងបំផ្លាញផលដំណាំរបស់បងប្អូនផងដែរ ។

អំណោយកាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយទឹកជំនន់ទាំង២ថ្ងៃ សរុប ១.៥០០គ្រួសារ ដោយគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ។ ដោយឡែក ស្ត្រីមានផ្ទៃពោះ ទទួលបានបន្ថែមនូវកញ្ចប់ឃីតអនាម័យ ១កញ្ចប់ ដែលជាអំណោយរបស់អង្គការ UNFPA ហើយកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថ្នាំពេទ្យប្រភេទបញ្ចុះកម្តៅ និងបំបាត់ការឈឺចាប់ ចំនួន ១កេស ជូនមណ្ឌលសុខភាពសេសាន និង ១កេសទៀត ជូនមណ្ឌលសុខភាពថាឡាបរិវ៉ាត់ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner