លោក Musk សង្ឃឹមថាអាចរស់នៅ និងស្លាប់លើភពអង្គារ

វ៉ាស៊ីនតោន ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានអះអាងសារជាថ្មីនូវមហិច្ឆតាដ៏យូរអង្វែងរបស់គាត់ នោះគឺការរស់នៅ និងស្លាប់នៅលើភពអង្គារ បន្ទាប់ពីធ្វើឱ្យភពនោះ ក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT។

មហាសេដ្ឋីពិភពលោករូបនេះ បាននិយាយម្តងហើយម្តងទៀត អំពីការធ្វើអាណានិគមនៅលើភពអង្គារ ដែលជាផ្នែកមួយនៃបេសកកម្មដ៏ធំបំផុតរបស់លោក នោះគឺការធានាការរស់រានមានជីវិតរបស់មនុស្សជាតិ ក្នុងករណី ព្រឹត្តិការណ៍ថ្ងៃវិនាសចុងក្រោយរបស់ភពផែនដី ដោយក្នុងនោះ SpaceX កំពុងអភិវឌ្ឍគម្រោងយានអវកាសយ៉ាងសកម្ម ដើម្បីជួយសម្រេចគោលដៅនេះ។

លោក Musk មានវ័យ៥៤ឆ្នាំរូបនេះ បានសរសេរសារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្ញុំកាន់លិខិតឆ្លងដែនមួយឥឡូវនេះ និងជារៀងរហូតគឺអាមេរិក។ ខ្ញុំនឹងរស់នៅ ហើយស្លាប់នៅទីនេះ ឬភពអង្គារដែលនឹងក្លាយទៅជាផ្នែកមួយនៃសហរដ្ឋអាមេរិក។

ដើម្បីគាំទ្រដល់ផែនការប្រកបដោយមហិច្ឆតាមួយនេះ កាលពីដើមឆ្នាំ២០២៥ សហគ្រិនដ៏ល្បីល្បាញរូបនេះ បាននិយាយថា បេសកកម្មនៃយានអវកាស Starship ដំបូងទៅកាន់ភពព្រះអង្គារ អាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៦ខាងមុខ។

ស្ថាបនិកក្រុមហ៊ុន SpaceX រូបនេះ ក៏បានអះអាងដែរថា ជើងហោះហើរនៃយានអវកាស Starship ដែលនឹងធ្វើដំណើរទៅកាន់ភពអង្គារនោះ នឹងមានដឹកមនុស្សយន្តឆ្លាតវៃ Optimus របស់ក្រុមហ៊ុន Tesla។

លោកថា បេសកកម្មនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ការចុះចតរបស់មនុស្សនៅលើផ្ទៃភពអង្គារ ដែលលោកជឿជាក់ថា វាអាចទៅរួចក្នុងអំឡុងឆ្នាំ២០២៩ខាងមុខ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner