ឥណ្ឌូណេស៊ីចាប់ផ្តើមសង់រោងចក្រសូឡាបណ្តែតទឹក ៩២មេហ្គាវ៉ាត់

ហ្សាកាតា ៖ ក្រុមហ៊ុនថាមពលរដ្ឋឥណ្ឌូនេស៊ី Perusahaan Listrik Negara ហៅកាត់ PLN បានអះអាង នៅថ្ងៃទី៣ ខែតុលានេះថា ខ្លួនបានចាប់ផ្តើមសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹក ដើម្បីផលិតថាមពលសូឡា ៩២មេហ្គាវ៉ាត់ នៅក្នុងខេត្ត West Java ដែលជាផ្នែក នៃថាមពលកកើតឡើងវិញ របស់ប្រទេស អាស៊ីអាគ្នេយ៍ មួយនេះ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA បានឲ្យដឹងថា រោងចក្រ PLN នេះ ស្ថិតនៅលើអាងស្តុកទឹក Saguling មានចម្ងាយប្រហែល ១៨០គីឡូម៉ែត្រ ពី រដ្ឋធានីហ្សាកាតា ដោយមានបំណងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្ម នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ រោងចក្រនេះនឹងផលិតអគ្គិសនី ច្រើនជាង ១៣០ ជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ហើយ អាចកាត់បន្ថយការបញ្ចេញកាបូន បាន១០ម៉ឺន៤ពាន់តោន។

នាយកប្រតិបត្តិ PLN លោក Darmawan Prasodjo បាននិយាយថា «រោងចក្របណ្តែត Saguling នឹងក្លាយជាសញ្ញាសម្គាល់ដ៏សំខាន់ នៃការផ្លាស់ប្តូរ ទៅរកថាមពលស្អាត របស់ប្រទេសឥណ្ឌូនេស៊ី»។ យ៉ាងណា គេមិនច្បាស់ទេថា តើ PLN នឹងវិនិយោគប៉ុន្មាន នៅក្នុងរោងចក្រនេះ។

រោងចក្រថាមពលសូឡា បណ្តែតទឹកនេះ ត្រូវបានចាប់ផ្តើមសាងសង់ បន្ទាប់ពីគម្រោងតម្លៃ ១០៨.៧០លានដុល្លារ នៅ West Java ដែលត្រូវបានបង្កើតឡើងរួមគ្នា ដោយក្រុមហ៊ុន Nusantara Power របស់ PLN និង ក្រុមហ៊ុនថាមពលកកើតឡើងវិញ របស់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម Masdar ដែលជាអង្គភាព របស់ក្រុមហ៊ុន Mubadala Investment ។

ប្រទេស ឥណ្ឌូនេស៊ី គ្រោងនឹងបន្ថែមថាមពលកកើតឡើងវិញ ចំនួន ៤២.៦ជីហ្គាវ៉ាត់ ដែលខ្លួនគ្រោងនឹងដំឡើងទៅកាន់បណ្តាញអគ្គិសនីជាតិ នៅឆ្នាំ២០៣៤ ។ ការរួមចំណែក របស់ថាមពលពន្លឺព្រះអាទិត្យ ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់ ១៧.១ ជីហ្គាវ៉ាត់ នៃ សមត្ថភាពបន្ថែមសរុប ដែលមានជិត ៦១ភាគរយ៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner