លោក គីម ជុងអ៊ុន ចុះពិនិត្យនាវាចម្បាំងកងទ័ពជើងទឹកកូរ៉េខាងជើង
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យកងទ័ពជើងទឹកកូរ៉េខាងជើងប្រុងជើងការត្រៀមប្រយុទ្ធនឹងសត្រូវគ្រប់ពេល អំឡុងពេលចុះទៅពិនិត្យទីតាំងនាវាចម្បាំង Choe Hyon នៅឯពិធីតាំងពិព័រណ៍យោធាមួយកាលពីថ្ងៃទី០៥ ខែតុលា។
ផ្អែកតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA, អំឡុងទស្សនកិច្ចនោះ ប្រមុខរដ្ឋកូរ៉េខាងជើងរូបនេះ បានជំរុញឱ្យកងទ័ពជើងទឹកត្រូវតែបង្កើនការហ្វឹកហាត់ និងត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលវេលា ជាពិសេសរារាំង និងប្រឆាំងដាច់ខាតចំពោះការបង្កហេតុរបស់សត្រូវ។
ទីភ្នាក់ងារ KCNA បានអះអាងថា ការតាំងពិពណ៌បង្ហាញពីភាពរីកចម្រើននៃវិស័យការពារជាតិប្រចាំឆ្នាំនេះ បានសបញ្ជាក់ពីការលើកកម្ពស់ការអភិវឌ្ឍន៍ដ៏គួរឱ្យកត់សម្គាល់នៃការធ្វើទំនើបកម្មរបស់យោធាកូរ៉េខាងជើង។ យ៉ាងណាមិញ អ្នកវិភាគបាននិយាយថា ពួកគេនៅមិនទាន់ដឹងច្បាស់ថាតើពេលណានាវាពិឃាតនេះដាក់ឱ្យដំណើរការនៅឡើយទេ។
ប៉ុន្តែក្រុមហ៊ុនវិភាគ SI មានមូលដ្ឋានៅកូរ៉េខាងត្បូងធ្លាប់បានរាយការណ៍កាលពីខែកញ្ញាថា រូបភាពតាមរយៈផ្កាយរណបបានបង្ហាញថា កូរ៉េខាងជើងបានបញ្ចប់ការដំឡើងម៉ាស៊ីននៅក្នុងនាវាចម្បាំង Choe Hyon រួចហើយ ហើយវាត្រូវបានគេរំពឹងថា នឹងធ្វើនាវាចរណ៍លើផ្ទៃសមុទ្រលើកដំបូងឆាប់ៗនេះក្នុងអំឡុងខែតុលា៕




ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា