មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច សំណូមពរដល់ពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ ត្រូវខិតខំធ្វើការនៅក្នុងប្រទេសដើម្បីជួយគ្រួសារ និង សេដ្ឋកិច្ចជាតិ
(ភ្នំពេញ)៖ សូមពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ ត្រូវខិតខំធ្វើការនៅក្នុងប្រទេសរបស់យើង ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើង ព្រោះថាការងារនៅកម្ពុជានិយាយជារួម ក៏ដូចជានៅខេត្តកណ្តាលនិយាយដោយឡែក មិនខ្វះទេឱកាសធ្វើការងារព្រោះតំបន់សេដ្ឋកិច្ចឧស្សាហកម្មជាច្រើនកំពុងត្រូវការកម្លាំងពលកម្ម និងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ផងដែរ ។
ប្រសាសន៍ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញបើកវេទិកាការងារ និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់ពលរដ្ឋ និងពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ និងកំពុងស្វែងរកការងារធ្វើ ក្នុងនោះមានការសម្ភាសការងារជ្រើសរើសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន និងក្រុមការងារទីភ្នាក់ងារជាតិមុខរបរនិងការងារ ដែលកម្មវិធីនេះបានរៀបចំ នៅជើងភ្នំព្រះរាជទ្រព្យ ស្រុក ពញាឮ ខេត្តកណ្តាល ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី អាជ្ញាធរពាក់ព័ន្ធ តំណាងក្រុមហ៊ុន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងពលករដែលបានវិលមកពីប្រទេសថៃចូលរួមសរុបប្រមាណចំនួន ៣០០នាក់។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ពលរដ្ឋដែលជាសមាជិកគ្រួសារដែលមានបណ្ណសមធម៌,បណ្ណគ្រួសារងាយរងហានិភ័យ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ សូមមកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ (TVET) របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានការសិក្សាជំនាញវិជ្ជាជីវៈដោយមិនគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ ក៏ដូចជាទទួលបានចំណេះជំនាញ ពិតប្រាកដ ដើម្បីឈានចាប់យកឱកាសការងារដែលកំពុងមានច្រើនកន្លែងក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បន្ថែមថា ក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, សហរដ្ឋអាម៉េរិកបានសម្រេចទម្លាក់អត្រាពន្ធបដិការ លើកម្ពុជា មកនៅ ១៩ ភាគរយ តែប៉ុណ្ណោះ, តាមរយៈអត្រានេះកម្ពុជា និងអាចទាក់ទាញអ្នកវិនិយោគិនច្រើនបន្ថែមទៀតនាពេលអនាគត ដែលនិងអាចបង្កើតឱកាសការងារបានកាន់តែច្រើន ដែលទាមទាញជាចំបាច់នូវកម្លាំងពលកម្មច្រើន ជាពិសេសកំលាំងពលកម្មដែលមានជំនាញ៕







អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា