មេដឹកនាំកំពូលរបស់វៀតណាមធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង សប្តាហ៍នេះ
ហាណូយ ៖ មេដឹកនាំកំពូលរបស់វៀតណាមនឹងទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងជើង ក្នុងសប្តាហ៍នេះ។
ក្រសួងការបរទេសប្រទេសវៀតណាម បាននិយាយថា មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam នឹងបំពេញទស្សនកិច្ច នៅកូរ៉េខាងជើង រយៈពេលបី ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍។
លោក Lam អគ្គលេខាធិការបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច “នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ” ទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី ៩ ដល់ ១១ ខែតុលា នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួង ចេញផ្សាយនៅថ្ងៃចន្ទ ទី៦ ខែតុលានេះ។
បើតាមប្រភព លោកនឹងចូលរួមក្នុងព្រឹត្តិការណ៍មួយ ដែលជាការប្រារព្ធខួបលើកទី ៨០ នៃការបង្កើតគណបក្សពលករកំពុងកាន់អំណាច របស់កូរ៉េខាងជើង។
ដំណើរទស្សនកិច្ចនេះនឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Lam ទៅប្រទេសឯកោ ខាងការទូត និងប្រដាប់ដោយអាវុធ នុយក្លេអ៊ែរ ក្នុងនាមជាប្រធានបក្សរបស់ប្រទេសវៀតណាម ហើយក៏ធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង កាលពីខែសីហា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា ដំណើរទស្សនកិច្ចចុងក្រោយរបស់មេដឹកនាំគណបក្សវៀតណាម ទៅកាន់កូរ៉េខាងជើង គឺ ក្នុងឆ្នាំ ២០០៧ ។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានមកប្រទេសវៀតណាម ចុងក្រោយក្នុងឆ្នាំ ២០១៩ ដើម្បីរៀបចំកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាអាណត្តិដំបូងរបស់លោកត្រាំ។ បន្ទាប់មក ក៏មានដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក គីម នៅហាណូយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត