ហូឡង់បន្តហាមឃាត់នាំចេញគ្រឿងបន្លាស់យន្តហោះ F-35 ទៅកាន់អ៊ីស្រាអែល
ឡាអេ ៖ ប្រទេសហូឡង់បានប្រកាសនឹងបន្តហាមឃាត់ការនាំចេញគ្រឿងបន្លាស់ សម្រាប់យន្តហោះចម្បាំងបំបាំងកាយ F-35 ទៅកាន់ប្រទេសអ៊ីស្រាអែល ទោះបីជាតុលាការកំពូលផ្តល់ជម្រើសផ្លាស់ប្តូរគោលនយោបាយនេះក៏ដោយ។
រដ្ឋាភិបាលហូឡង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសារកាលៈទេសៈបច្ចុប្បន្ន ដូច្នេះវាមិនសមហេតុផលទេ ក្នុងការបន្ត
នាំចេញគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ពីហូឡង់ទៅកាន់អ៊ីស្រាអែលនៅពេលនេះ។
ការសម្រេចចិត្តបែបនេះ គឺមានគោលបំណងការពារសន្តិសុខរបស់ហូឡង់ខ្លួនឯងផ្ទាល់ និងសម្ព័ន្ធមិត្តរបស់យើង។ ហើយមិនមានអ្វីជាប់ទាក់ទងនឹងអ្វីដែលរដ្ឋាភិបាលហៅថា “ស្ថានភាពមហន្តរាយនៅតំបន់ហ្គាហ្សាស្ទ្រីប” នោះទេ។
គួរកត់សម្គាល់ គ្រឿងបន្លាស់យន្តហោះ F-35 ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក ត្រូវបានរក្សាទុកនៅឃ្លាំងដ៏ធំក្នុងប្រទេសហូឡង់ ដើម្បីដឹកជញ្ជូនចែកចាយទៅកាន់ដៃគូជាច្រើន រួមទាំងអ៊ីស្រាអែល តាមរយៈកិច្ចព្រមព្រៀងនាំចេញដែលមានស្រាប់។
ការហាមប្រាមលើការនាំចេញគ្រឿងបន្លាស់របស់ហូឡង់ សម្រាប់យន្តហោះ F-35 ដែលប្រើប្រាស់ដោយអ៊ីស្រាអែលនៅក្នុងយុទ្ធនាការហ្គាហ្សាប្រឆាំងក្រុមហាម៉ាស់ ត្រូវបានធ្វើឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៤៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
