កម្ពុជា ប្រកាសដាក់ឱ្យដំណើរការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា”

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ឬ “Digital Social Protection Platform” នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងដោយមានការអញ្ជើញចូលរួម ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា។
ការដាក់ឱ្យដំណើរការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ឬ “Digital Social Protection Platform” មានគោលដៅបង្ហាញពីសមិទ្ធផល និងការបោះជំហាននៃកិច្ចការបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ដោយសង្កត់ធ្ងន់លើការគិតគូរផ្នែកគោលនយោបាយ រហូតដល់ការរៀបចំ និងដាក់ឱ្យដំណើរការនូវថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ដែលជាការរៀបចំយ៉ាងល្អិតល្អន់ សម្រាប់រយៈពេលវែង លើផ្នែកប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ជាពិសេសការរៀបចំពង្រីកវិសាលភាពនៃការអនុវត្តថ្នាលឌីជីថលរួមនេះ ជាជំហានៗនៅទូទាំងប្រទេស ដើម្បីបង្កើនប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, គណនេយ្យភាព, និងតម្លាភាពបន្ថែមទៀត សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពាសង្គម និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្ដកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម បានមានប្រសាសន៍ថា ជាមួយនឹងគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចង្អុលបង្ហាញឱ្យគិតគូរ និងរៀបចំប្រព័ន្ធចុះបញ្ជី និងការគ្រប់គ្រងទិន្នន័យគាំពារសង្គម សំដៅធានាប្រសិទ្ធភាព ទាំងក្នុងក្របខណ្ឌនៃការអនុវត្តបែបប្រទាក់ក្រឡាផង និងផ្ដល់ភាពងាយស្រួលសម្រាប់មន្ត្រីអនុវត្តកម្មវិធី និងអ្នកទទួលផលផង ដោយចាប់យកអភិក្រម “ធ្វើសុខដុមនីយកម្ម” ជាជាងយកអភិក្រម “ធ្វើសមាហរណកម្ម” ដោយកិច្ចការនេះត្រូវបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ រហូតសម្រេចបាននូវ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ដែលជាកម្មវត្ថុនៃការប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឬ DSPP ជាសមិទ្ធផលរួម ដែលបានកសាងមូលដ្ឋានគ្រឹះដ៏មានសំខាន់មួយ ក្នុងការអភិវឌ្ឍ និងអនុវត្តគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល ដែលនេះមិនត្រឹមតែជាការបំពាក់បន្ថែមនូវថ្នាលឌីជីថលដ៏ទំនើប សម្រាប់មន្ត្រីអនុវត្តកម្មវិធី នៅរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងបំពាក់ឧបករណ៍ចុះបញ្ជីឌីជីថល ដែលរួមមានកុំព្យូទ័រយួរដៃ, កាមេរ៉ាថតផ្ទៃមុខ និងឯកសារ, ម៉ាស៊ីនស្កែនខ្ចៅដៃ, និងម៉ាស៊ីនបោះពុម្ពខ្នាតតូច ជូនដល់ឃុំ/សង្កាត់ទូទាំងប្រទេស ជាដំណាក់កាលៗ បន្ថែមលើថេប្លែតដែលត្រូវបានផ្តល់ជូន នាពេលកន្លងទៅ។ នេះជាការធ្វើទំនើបកម្ម និងឌីជីថលូបនីយកម្ម ដល់កម្រិតអ្នកអនុវត្តផ្ទាល់ នៅថ្នាក់ក្រោមជាតិ។ សមិទ្ធផលទាំងនេះនឹងរួមចំណែកដល់ការសម្រេចបាននូវរដ្ឋាភិបាលឌីជីថល ក្នុងពេលខាងមុខ, ជាពិសេសការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាគាំពារសង្គម សំដៅកាត់បន្ថយជាអតិបរមានូវប្រតិបត្តិការចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍ស្ទួន ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលច្រើនកន្លែង និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានមុខងារស្រដៀងគ្នា, និយាយជារួម, និងនិយាយដោយឡែក សំដៅ «កាត់បន្ថយជាអតិបរមា នូវការបែកខ្ញែកនៃការគ្រប់គ្រងទិន្នន័យគាំពារសង្គម បែបវិមជ្ឈការ, ត្រៀមលក្ខណៈឆ្លើយតបនឹងគ្រោះអាសន្ន និងលើកកម្ពស់អភិបាលកិច្ចឌីជីថល» ក្នុងទិសដៅប្រែក្លាយប្រព័ន្ធគាំពារសង្គមកម្ពុជាទាំងមូល ឱ្យក្លាយជាប្រព័ន្ធមួយ ដែលមានភាពប្រទាក់ក្រឡាល្អ និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការអនុវត្ត រយៈពេលវែង។

គួរបញ្ជាក់ថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាថ្នាលឌីជីថលរួម របស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈសមាហរ័ណ (Integrated Digital Platform) និងត្រូវបានអភិវឌ្ឍឡើង សម្រាប់ធ្វើអន្តរប្រតិបត្តិការក្នុងការចុះបញ្ជី និងផ្ទៀងផ្ទាត់អត្តសញ្ញាណពលរដ្ឋគោលដៅ និងអ្នកទទួលផលក្នុងប្រព័ន្ធគាំពារសង្គម និងត្រូវបានដាក់ឱ្យដំណើរការ តាមរយៈអនុក្រឹត្យលេខ ៣៨ អនក្រ.

បក ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ថ្នាលឌីជីថលរួមនេះ បានដាក់ឱ្យដំណើរការដោយធ្វើសុខដុមនីយកម្មកម្មវិធីគាំពារសង្គមសំខាន់ៗ រួមមាន៖ ការចុះបញ្ជីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, កម្មវិធីអាហារូបករណ៍តាមសាលារៀន, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានផ្ទុកមេរោគអេដស៍, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយ, កម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងមុខងារបោះពុម្ពបណ្ណសមធម៌ភ្លាមៗ, កម្មវិធីកំណត់អត្តសញ្ញាណ ជនមានពិការភាព និងមុខងារបោះពុម្ព QR Code នៃកាតសម្គាល់ជនមានពិការភាព, កម្មវិធីជាតិជំនួយសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ, និងកម្មវិធីបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូន អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក។

ជាមួយគ្នានេះ, ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បានបំពាក់បន្ថែមនូវមុខងារ “ស្វែងរករហ័ស ឬ Fast Search” ដែលជាមុខងារធ្វើអន្តរប្រតិបត្តិការជាមួយមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងមូលដ្ឋានទិន្នន័យរបស់ប្រតិបត្តិករគាំពារសង្គម តាមរយៈលេខ “សម្គាល់គាំពារសង្គម ឬ SPID” អាចផ្តល់នូវសមត្ថភាព និងសុក្រឹត្យភាពខ្ពស់ ក្នុងការស្វែងរកអត្តសញ្ញាណចុះបញ្ជីរបស់អ្នកទទួលផល និងពលរដ្ឋគោលដៅភ្លាមៗ ដោយអាចប្រើប្រាស់បណ្ណសម្គាល់ខ្លួន មួយណាក៏បាន រួមមានលេខអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, បណ្ណសមធម៌, កាតសម្គាល់ជនមានពិការភាព, ឬកាត ប.ស.ស. ឬអាចប្រើប្រាស់ការស្កែនផ្ទៃមុខ ឬស្កែនខ្ចៅដៃ។ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ក៏បានបំពាក់ផងដែរ នូវមុខងារចាប់យកតួអក្សរ ពីរូបភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយស្វ័យប្រវត្តិ (OCR on National Khmer ID Card) ដែលបង្កើនភាពងាយស្រួល និងឆាប់រហ័សដល់រំហូរនៃការចុះបញ្ជីក្នុងប្រព័ន្ធគាំពារសង្គម ភ្ជាប់ជាមួយនឹងការផ្តល់នូវដំណឹងក្នុងកាលិកពិត (Real-time Notification) ទៅទូរសព្ទដៃរបស់មេឃុំ/ចៅសង្កាត់ បង្កើនលទ្ធភាពក្នុងការត្រួតពិនិត្យ និងអនុម័តការស្នើសុំចុះបញ្ជីគាំពារសង្គមភ្លាមៗ ផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន​រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner