អ៊ីស្រាអែល និងក្រុមហាម៉ាស់ នឹងចាប់ផ្តើមការចរចាបទឈប់បាញ់នៅហ្គាហ្សាថ្ងៃនេះ
គែរ ៖ គណៈប្រតិភូមកពីក្រុមហាម៉ាស់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នឹងជួបប្រជុំគ្នានៅប្រទេសអេហ្ស៊ីប ក្នុងថ្ងៃចន្ទនេះ ស្របពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញឱ្យអ្នកចរចាចាត់វិធានការពន្លឿនបង្កើតបទឈប់បាញ់ ដើម្បីពន្លត់ភ្លើងសង្គ្រាមដ៏រុំារ៉ៃជិតពីរឆ្នាំនៅតំបន់ហ្គាហ្សា។

ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Channel News Asia, ទាំងក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានឆ្លើយតបវិជ្ជមានចំពោះសំណើរបស់លោកប្រធានាធិបតី ត្រាំ សម្រាប់ការបិទបញ្ចប់ការប្រយុទ្ធគ្នា និងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ក្នុងតំបន់ហ្គាហ្សា ជាថ្នូរនឹងការផ្តល់សេរីភាពដល់ប្រជាជនប៉ាឡេស្ទីន ដែលជាប់ឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។

មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានប្រាប់សារព័ត៌មាន AFP មុនកិច្ចពិភាក្សានៅទីក្រុងរមណីយដ្ឋាន Sharm El-Sheikh របស់អេហ្ស៊ីបថា អ្នកចរចាឈានមុខនៃក្រុមហាម៉ាស់ លោក Khalil al-Hayya នឹងជួបចរចាជាមួយអ្នកសម្រុះសម្រួលមកពីអេហ្ស៊ីប និងកាតានៅទីក្រុងគែរ នៅក្នុងថ្ងៃចន្ទនេះ។

មន្ត្រីដដែលបន្តថា ការចរចានេះនឹងស្វែងរកឱកាសកំណត់កាលបរិច្ឆេទបង្កើតបទឈប់បាញ់បណ្តោះអាសន្ន ក៏ដូចជាបង្កើតលក្ខខណ្ឌសម្រាប់ដំណាក់កាលដំបូងនៃផែនការសន្តិភាព ក្នុងនោះចំណាប់ខ្មាំង ៤៧នាក់ដែលជាប់ឃុំខ្លួននៅហ្គាហ្សានឹងត្រូវដោះលែង ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។
ជាមួយគ្នានោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ ដោយបានសរសើរការពិភាក្សាជាវិជ្ជមានជាមួយក្រុមហាម៉ាស និងសម្ព័ន្ធមិត្តជុំវិញពិភពលោក រួមទាំងប្រទេសអារ៉ាប់ និងមូស្លីមផងដែរ។
ដោយឡែក ប្រមុខការទូតកំពូលមកពីប្រទេសជាច្រើន រួមទាំងអេហ្ស៊ីបបាននិយាយថា កិច្ចពិភាក្សានេះ គឺជា “ឱកាសពិត” ដើម្បីសម្រេចបាននូវបទឈប់បាញ់ប្រកបដោយនិរន្តរភាព ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ចំណាប់ខ្មាំងទាំងអស់អាចនឹងត្រូវបានដោះលែងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
