តោខាំមនុស្សពីរនាក់រងរបួសធ្ងន់ និងស្រាលនៅថៃ
បាងកក ៖ ក្មេងប្រុសម្នាក់ និងបុរសម្នាក់ត្រូវសត្វតោមួយក្បាលខាំឱ្យរងរបួស បន្ទាប់ពីវាបានរត់ចេញពីទ្រុងនៅក្នុងផ្ទះរបស់បុគ្គលមានឥទ្ធិពលលើបណ្តាញសង្គម ដែលតែងតែផលិតមាតិការវីដេអូអំពីរបៀបចិញ្ចឹមសត្វតោនៅខេត្ត Kanchanaburi ប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។
ចៅហ្វាយស្រុក Bor Ploy លោក Surasit Chan utha បាននិយាយថា សត្វតោមួយក្បាលនោះបានខាំមនុស្សពីរនាក់ឱ្យរងរបួសនៅម៉ោងប្រហែល ៩និង៤០នាទីល្ងាចថ្ងៃអាទិត្យម្សិលមិញ នៅភូមិ Tambon Nong Koom។
ក្រោយមក រូបលោកបានទទួលដំណឹងពីមេភូមិឈ្មោះ Surat Jaemsee ថា ភ្លាមៗជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យទាហាននៅឯមូលដ្ឋានទ័ព Surasee។
ចៅហ្វាយស្រុកបានឱ្យដឹងទៀតថា ក្នុងចំណោមជនរងគ្រោះទាំងពីរ មានកុមារអាយុ ១១ឆ្នាំរងរបួសធ្ងន់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រីឯបុរសម្នាក់ទៀតមានអាយុ ៤៣ឆ្នាំរងរបួសស្រាល។
ជាមួយគ្នានេះ ម្ចាស់សត្វតោ គឺលោក Parinya Parkpoom មានអាយុ ៣២ឆ្នាំបានចាប់សត្វតោមួយក្បាលនោះ បញ្ជូនត្រលប់ចូលទៅក្នុងទ្រុងនៅក្នុងផ្ទះរបស់ខ្លួនវិញ បន្ទាប់ពីខាំមនុស្សឱ្យរងរបួស។
លោក Parinya គឺជាបុគ្គលមានឥទ្ធិពលម្នាក់នៅលើបណ្តាញសង្គម Facebook, Instagram, Youtube និងTiktok។ យ៉ាងណា គិតមកទល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការដាក់ពិន័យ ឬការផ្តល់សំណងរបស់ម្ចាស់តោដល់ជនរងគ្រោះទាំងពីរនាក់នៅឡើយទេ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
