លោក ត្រាំ ពេញចិត្តគំនិតលោក ពូទីន ជុំវិញការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៥ ខែតុលា បានបង្ហាញពីការពេញចិត្តនឹងគំនិតរបស់មេដឹកនាំប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA លោក ត្រាំ បានអះអាងប្រាប់អ្នកសារព័ត៌មានថា ការផ្តល់ជូនរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការរក្សាកម្រិតអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ គឺ ជាគំនិតល្អ។
គួររម្លឹកថា កាលពីខែមុន លោក ពូទីន បានស្នើឱ្យមានការស្ម័គ្រចិត្ត លើទំហំឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុត របស់ពិភពលោក ដូចដែលបានកំណត់ ដោយសន្ធិសញ្ញា New START ឆ្នាំ២០១០ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន យល់ព្រមធ្វើដូចគ្នា។
ពេលវេលាដ៏កម្រ នៃកិច្ចសហប្រតិបត្តិការ រវាងអាមេរិក និងរុស្ស៊ី នេះ បានកើតមានឡើង ចំពេលដែលមានភាពតានតឹង កាន់តែខ្លាំង រវាងប្រទេសទាំងពីរ ចាប់តាំងពីលោក Trump និងលោក Putin បានជួបប្រជុំគ្នា នៅរដ្ឋអាឡាស្កា កាលពីពាក់កណ្តាលខែសីហា ខណៈដែលមានសេចក្តីរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានហោះចូលទៅក្នុងដែនអាកាសរបស់បណ្តាប្រទេស អង្គការ ណាតូ។
ការបង្ហាញពីការពេញចិត្ត របស់លោក ត្រាំ បានធ្វើឡើង បន្ទាប់ពី លោក Vassily Nebenzia ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ បាននិយាយ កាលពីសប្តាហ៍មុនថា ទីក្រុងម៉ូស្គូនៅតែរង់ចាំការឆ្លើយតប ជាផ្លូវការ ពីទីក្រុងវ៉ាស៊ីនតោន ចំពោះការផ្តល់ជូនរបស់លោក ពូទីន ដើម្បីរក្សាដែនកំណត់ស្ម័គ្រចិត្ត លើអាវុធយុទ្ធសាស្ត្រ ដែលបានដាក់ពង្រាយ ខណៈដែលសន្ធិសញ្ញា New START ត្រូវផុតកំណត់ នៅខែកុម្ភៈ ឆ្នាំ២០២៦។
បើតាមទីភ្នាក់ងារព័ត៌មាន RT លោក ពូទីន បានអះអាងថា រដ្ឋាភិបាលទីក្រុងមូស្គូ ត្រៀមខ្លួនបន្តសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រនេះ មួយឆ្នាំទៀត។ កាលពីដើមសប្តាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មិនទាន់ឆ្លើយតបទៅនឹងសំណើនេះ នៅឡើយទេ។
កិច្ចព្រមព្រៀងកាត់បន្ថយអាវុធ ជាអចិន្ត្រៃយ៍ចុងក្រោយ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានកំណត់ឲ្យភាគីនីមួយៗ ដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ មិនលើសពី ១,៥៥០ គ្រាប់ និង ប្រព័ន្ធចែកចាយ ចំនួន ៧០០ គ្រឿង៕
ប្រភពពី CNA , RT ប្រែសម្រួល៖ សារ៉ាត