រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យផ្ទាល់ លើទំហំខូចខាតផ្លូវខេត្តលេខ ៣៨៣បេ នៅស្រុកពារាំង រងការខូចខាតដោយទឹកជំនន់ហូរបុកផ្តាច់ជាច្រើនកន្លែង

(ខេត្តព្រៃវែង)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យផ្ទាល់ លើទំហំខូចខាតផ្លូវខេត្តលេខ ៣៨៣បេ ត្រង់ចំណុចគ.ម០៤+០០០ ដល់ចំណុចគ.ម១០+៤២៥ ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលរងការខូចខាតដោយទឹកជំនន់ហូរបុកផ្តាច់ជាច្រើនកន្លែង ដោយសារស្ថានភាពទឹកទន្លេមេគង្គកើនឡើងខ្លាំង បណ្ដាលឱ្យប៉ះពាល់កំណាត់ផ្លូវនេះ។ ក្រសួងបានកំពុងពិនិត្យ និងចាត់វិធានការជួសជុលកំណាត់ផ្លូវនេះឱ្យបានឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថា មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹងចំពោះការផ្អាកចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃដែលជូនដំណឹងសារជាថ្មី ។

សូមបញ្ជាក់ថា ខេត្តព្រៃវែង គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅស្ថានីយ៍ជលសាស្ត្រព្រែកតាតាំ (មុខផ្សារក្រុងព្រៃវែង) មានកម្ពស់ ៦,៦៤ម កម្ពស់ទឹកប្រកាសអាសន្ន ៧,៥០ម។

ក្នុងស្ថានភាពកម្ពស់ទឹកខាងលើនេះ ខេត្តព្រៃវែងបានរងផលប៉ះ​ពាល់​ដោយ​ទឹកជំនន់​ចំនួន ៧ស្រុក ស្មើនឹង ៤៤ឃុំ ក្នុងនោះ ស្រុកស៊ីធរកណ្ដាល ចំនួន៨ឃុំ ស្រុកពាមជរ ចំនួន៩ឃុំ ស្រុកកំពង់ត្របែក ចំនួន៣ឃុំ ស្រុកំចាយមារ ចំនួន ១ឃុំ ​ស្រុកពាមរក៍ ៨ឃុំ ស្រុកពោធិ៍រៀង ៦ឃុំ និងស្រុកពារាំង ៩ឃុំ ។

ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរខេត្ត និងអាជ្ញាធរគ្រប់ក្រុង ស្រុក ជាពិសេសបណ្តាឃុំសង្កាត់ ដែលប្រឈម នឹង គ្រោះទឹកជំនន់ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិត្តន៍នៃស្ថានភាពនេះ និងបានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ឲ្យ ត្រៀម បង្កាគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង ជាពិសេសត្រៀមលក្ខណៈសម្បត្តិក្នុងការជម្លៀសទៅកាន់ទីទួលសុវត្ថិភាព បណ្តោះអាសន្ន ក្នុងករណីស្ថានភាពទឹកនៅតែបន្តជន់ឡើង។ជាមួយនេះ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ ក៏បានត្រៀមលក្ខណៈ សម្រាប់ធ្វើការអន្តរាគមន៍ជួយសង្គ្រោះ និងឆ្លើយតបឲ្យបានទាន់ពេលវេលា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner