ថ្ងៃខួបកំណើត ៨០ឆ្នាំ លោក ត្រាំ ចង់មើលការប្រកួតវ៉ៃក្នុងទ្រុង UFC នៅសេតវិមាន
វ៉ាស៊ីនតោន ៖ ខុសប្លែកពីមេដឹកនាំអាមេរិកពីមុនៗ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសចង់រៀបចំការប្រកួតគុនចម្រុះហៅកាត់ UFC នៅបរិវេណសេតវិមាន នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ចំថ្ងៃខួបកំណើតរបស់លោកផ្ទាល់គម្រប់វ័យ ៨០ឆ្នាំ។
ការប្រកាសរបស់លោកប្រធានាធិបតី ត្រាំ នេះ ធ្វើឡើងអំឡុងការថ្លែងសន្ទរកថានៅឯមូលដ្ឋានទ័ពជើងទឹកអាមេរិក Norfolk កាលពីថ្ងៃទី៤ ខែតុលា ជាកន្លែងដែលមេដឹកនាំអាមេរិកទី៤៧រូបនេះ ចូលរួមប្រារព្ធពិធីខួបទី២៥០ នៃការបង្កើតឡើងកងទ័ពជើងទឹកអាមេរិក។
ក្រៅពីអាជីពជាប្រធានាធិបតីអាមេរិក, មហាសេដ្ឋីអចលនទ្រព្យវ័យ៧៩ឆ្នាំរូបនេះ ក៏ជាមនុស្សម្នាក់និយមចូលចិត្តផ្នែកកីឡាគុនចម្រុះ ដូចជា UFC ជាដើមបន្ទាប់ពីការធ្វើនយោបាយ។ ចាប់តាំងពីខែមិថុនា លោកប្រធានាធិបតី ត្រាំ បានចូលរួមទស្សនាការប្រកួតព្រឹត្តិការណ៍ UFC ជាបន្តបន្ទាប់មិនដែលអាកខានឡើយ។
ការរៀបចំការប្រកួត UFC នៅសេតវិមាន ត្រូវបានគេមើលឃើញថា ជាការបង្ហាញអំពីខួបកំណើត៨០ឆ្នាំរបស់លោកប្រធានាធិបតី ត្រាំ និងជាការបង្ហាញពីទំនាក់ទំនងយូអង្វែងរបស់លោកជាមួយនឹងមេធំ UFC ផងដែរ។
មេធំ UFC លោក Dana White ក៏បានអះអាងដែរថា ស្ថាប័នរបស់លោកក៏ត្រៀមលុយប្រមាណ ៧០០,០០០ដុល្លាររួចជាស្រេច ដើម្បីផ្លាស់ប្តូរស្មៅនៅបរិវេណសេតវិមាន ក្រោយពីព្រឹត្តិការណ៍ UFC នៅទីនោះបានបញ្ចប់ផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
