លោក Trump ថា លែងមានទូកនៅសល់ បន្ទាប់ពីការវាយប្រហារក្បែរវេណស៊ុយអេឡា
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បាននិយាយថា «គ្មានទូក» នៅសេសសល់ទៀតទេ បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក នៅជិតប្រទេស វេណេស៊ុយអេឡា។
ប្រធានាធិបតី Donald Trump បាននិយាយថា «ការវាយប្រហារដ៍សាហាវលើទូកតូចៗ នៅជិតឆ្នេរសមុទ្រ ប្រទេស វេណេស៊ុយអេឡា ដែលមន្ត្រីអាមេរិកចោទប្រកាន់ថា បានដឹកគ្រឿងញៀននោះ បានទទួលជោគជ័យហើយ ដូច្នេះ មិនមានទូក នៅសល់ក្នុងតំបន់ Caribbean ទៀតទេ។
លោក Trump បានប្រាប់ក្រុមនាវិក នៃ កងទ័ពជើងទឹក នៅឯមូលដ្ឋានទ័ពជើងទឹកដ៏ធំ Norfolk ក្នុងរដ្ឋ Virginia កាលពីចុងសប្តាហ៍ថា «យើងកំពុងបញ្ឈប់គ្រឿងញៀន ក្នុងកម្រិតមួយដែលគ្មាននរណាម្នាក់ធ្លាប់បានឃើញ»។
លោក Trump និយាយ ទាំងសើចចំអកថា «យើងពូកែណាស់ ដែលមិនមានទូកទៀតទេ តាមពិតទៅ សូម្បីតែទូកនេសាទ ក៏គ្មាននរណា ចង់ចូល ដែនទឹកដែរ…យើងរកមិនឃើញទេ»។
គិតត្រឹមថ្ងៃសុក្រ សប្តាហ៍មុន សហរដ្ឋអាមេរិកបានវាយប្រហារ ទៅលើទូករត់ពន្ធគ្រឿងញៀង យ៉ាងហោចណាស់ ៤ លើក ដែលបានបណ្តាលឱ្យមនុស្សស្លាប់ យ៉ាងតិច ២១នាក់។
អ្នកជំនាញផ្នែកច្បាប់ជាច្រើនបាននិយាយថា ការប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងអ្នករត់ពន្ធគ្រឿងញៀន ដែលគេសង្ស័យ នៅឆ្ងាយពីព្រំដែនសហរដ្ឋអាមេរិក និង ការប្រកាសកាន់តែទូលំទូលាយ នៃជម្លោះប្រដាប់អាវុធ គឺ ជាទង្វើខុសច្បាប់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
