រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់រដ្ឋសារ៉ាវ៉ាក់ ម៉ាឡេស៊ី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យកសិកម្មជាមួយ ឯកឧត្តម Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្រ្តីក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៃរដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់រដ្ឋសារ៉ាវ៉ាក់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មកម្ពុជា ជាពិសេសការដោះដូរបច្ចេកទេសដាំដុះនិងលទ្ធភាពបើកទីផ្សារនាំចូលស្រូវអង្ករ ផលិតផលសាច់ និងកសិផលមានសក្ដានុពលដទៃទៀតពីកម្ពុជា ដើម្បីធានាសន្តិសុខស្បៀងរដ្ឋសារ៉ាវ៉ាក់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចអំពីឱកាសវិនិយោគលើវិស័យកែច្នៃ វេចខ្ចប់ និងនាំចេញកសិផលរបស់កម្ពុជា ដែលផ្ដល់ផលចំណេញ និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃភាគីទាំងពីរ។

កិច្ចប្រជុំបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអនុរដ្ឋមន្ត្រី បន្តពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្ម ធានានូវសន្តិសុខស្បៀង ជំរុញទំហំកសិ-ពាណិជ្ជកម្ម ជាពិសេសលើស្រូវអង្ករ និងភាពជាដៃគូដ៏រឹងមាំយូរអង្វែងក្នុងការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងផលិតកម្ម ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់កសិផលដល់រដ្ឋសារ៉ាវ៉ាក់ នៃប្រទេសម៉ាឡេស៊ី និងគាំទ្រវិនិយោគិនម៉ាឡេសុីក្នុងវិស័យកសិកម្មកម្ពុជាផងដែរ៕

ប្រភព ៖ ក្រសួងកសិកម្ម

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner