គ្រោះថ្នាក់ចរាចរណ៍កើតមានជារៀងរាល់ថ្ងៃ ដែលចាំបាច់យើងត្រូវបង្កើននូវការផ្សព្វផ្សាយ និងអប់រំ

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស បានកើតមានជារៀងរាល់ថ្ងៃ ដែលចាំបាច់យើងត្រូវបង្កើននូវការផ្សព្វផ្សាយ និងអប់រំចំពោះអ្នកបើកបរទាំងឡាយឱ្យមានការប្រុងប្រយ័ត្ន ដើម្បីការកាត់បន្ថយការគ្រោះថ្នាក់។

នេះជាការលើកឡើងរបស់ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូននារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ។

លោកជំទាវបានបន្តថា ទាក់ទិនទៅនឹងបញ្ហាចរាចរណ៍ផ្លូវគោកនេះ ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតំបន់សាលារៀនក៏ជាកិច្ចការសំខាន់មួយផងដែរ។ ដូច្នេះហើយកាលពីពេលថ្មីៗកន្លងទៅនេះក្រុមការងារបច្ចេកទេសលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន ដែលមានលោកជំទាវជាប្រធានត្រូវបានបង្កើតឡើង ដែលក្រុមការងារនេះមានតួនាទី និងភារកិច្ចវិភាគលើវិធានការដែលមានស្រាប់ពាក់ព័ន្ធនឹងតំបន់សុវត្ថិភាពនៅតាមសាលារៀន និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា និងកំណត់អំពីចំណុចខ្វះខាត និងឱកាសសម្រាប់ធ្វើឱ្យប្រសើរឡើង។សម្របសម្រួលការចែករំលែកចំណេះដឹង និងការកសាងសមត្ថភាពក្នុងចំណោមសមាជិក សមាជិកា សម្របសម្រួលជាមួយស្ថាប័នរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងអង្គការអន្តរជាតិ ដើម្បីអនុវត្តនូវវិធីសាស្ត្ររួមមួយចំពោះតំបន់សុវត្ថិភាពនៅតាមសាលារៀន និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា។

កសាងយុទ្ធសាស្ត្រ ផែនការសកម្មភាព និងអនុសាសន៍សម្រាប់វិធានការប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយទាក់ទងនឹងតំបន់សុវត្ថិភាពនៅតាមសាលារៀន និងការលើកកម្ពស់សុវត្ថិភាពជាដើម ដោយការបង្កើតក្រុមការងារបច្ចេកទេសលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតំបន់សាលារៀននេះ មានគោលបំណងកំណត់ដៃគូសំខាន់ៗដែលគួរអញ្ជើញឱ្យចូលរួមក្នុងក្រុមការងារបន្ថែមទៀត ដើម្បីចែករំលែក និងសម្របសម្រួលក្នុងចំណោមដៃគូពាក់ព័ន្ធតាមរយៈការពិនិត្យលើសកម្មភាពបច្ចុប្បន្ន និងផែនការសកម្មភាពនៃតំបន់សុវត្ថិភាពសាលារៀន កំណត់បញ្ហាប្រឈមរួម និងពិភាក្សាអំពីការគាំទ្ររបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដៃគូអាចចូលរួមផ្តល់ជូនយុទ្ធសាស្ត្រអាទិភាព និងកំណត់ជំហានបន្ទាប់ទៀត។

លោកជំទាវ មឹន មាណវី នាពេលកន្លងទៅធ្លាប់បានលើកឡើងថា ការធ្វើដំណើរទៅមកសាលារៀនប្រកបដោយភាពងាយស្រួល គឺជាចំណុចគោលដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការទទួលបាននូវការអប់រំ ហើយថាក្នុងសង្គមនីមួយៗរួមទាំងនៅក្នុងប្រទេសកម្ពុជាផង យុវជននៅតែប្រឈមនឹងគ្រោះថ្នាក់នៅលើដងផ្លូវជារៀងរាល់ថ្ងៃ។ ការបាត់បង់នូវយុវជនវ័យក្មេង ឬសិស្ស-និស្សិតម្នាក់ មិនត្រឹមបង្កជាទុក្ខលំបាកក្នុងរង្វង់ក្រុមគ្រួសារ សាច់ញាតិប៉ុណ្ណោះទេ តែក៏បានបង្កជាបញ្ហាលំបាក និងការបាត់បង់ដល់សង្គមជាតិទាំងមូលទៀតផង៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner