ជើងឯកថ្នាក់ជាតិសូហ្វតិន្នីសប្រចាំឆ្នាំ២០២៥ បញ្ចូលវិញ្ញាសាក្រុមចម្រុះបុរស-នារីជាលើកដំបូង ដើម្បីបន្សាំសម្រាប់ការប្រកួតអន្តរជាតិ

(ភ្នំពេញ)៖ លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរងសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានគូសបញ្ជក់ថា ការប្រកួតកីឡាសហ្វតិន្និសជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី៩ ឆ្នាំ២០២៥នេះ សហព័ន្ធបានដាក់វិញ្ញាសាប្រកួតចំនួន១១ ដើម្បីឱ្យកីឡាករកីឡាការិនីប្រកួតប្រជែងរយៈពេល៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែ តុលា ទើបបញ្ចប់ការប្រកួតជាផ្លូវការ។

លោកថា វិញ្ញាសា១១ដែលដាក់ឱ្យប្រកួតប្រជែងនេះ រួមមាន៖ វិញ្ញាសាវាយឯកត្តជនបុរស វាយឯកត្តជននារី វាយគូបុរស អក្សរ-កវាយគូបុរស អក្សរ-ខ វាយគូនារី វាយគូចម្រុះបុរស-នារី ឯកត្តជនយុវជន ឯកត្តជនយុវនារីក្រុមបុរស ក្រុមនារី និងក្រុមចម្រុះបុរស-នារី។

លោកស្រី អគ្គលេខាធិការរង បានរំលេចថា ក្នុងចំណោម១១វិញ្ញសានេះ .វិញ្ញាសាប្រកួតជាក្រុមចម្រុះបុរសនិងនារី គឺជាវិញ្ញាសាថ្មីដែលទើបដាក់បញ្ចូលជាឆ្នាំដំបូល បន្ទាប់ពីមើលឃើញថា ជាវិញ្ញាសាដែលមានសក្កានុពលសម្រាប់ក្រុមកីឡាសហ្វតិន្នីសកម្ពុជាក្នុងការត្រៀមលក្ខណៈដើម្បីប្រជែងដណ្តើមមេដាយក្នុងការប្រកួតកម្រិតអន្តរជាតិ។

ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី០៩ ឆ្នាំ២០២៥នេះ ដំណើរការប្រកួតរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៥ ដែលមានក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ចូលរួមសរុបចំនួន០៥ ដូចជា៖ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សរុបប្រតិភូ គ្រួបង្វឹកចំនួន៩១រូប។

ការប្រកួតនេះ ទទួលបានគោលការណ៍អនុញ្ញាតពី ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្រោមថវិកាគាំទ្រទទួលរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ក្នុងគោលបំណង ដើម្បីជ្រើសរើសកីឡាករ កីឡាការិនី ដែលមានសមត្ថភាព និងបច្ចេកទេសខ្ពស់ សម្រាប់ប្រមូលផ្តុំហ្វឹកហាត់ត្រៀមទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានា ជាពិសេសបណ្តុះបណ្តាលធនធានថ្នាលបន្តវេនឲ្យបានច្រើន និងប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍន៍កីឡាសូហ្វតិន្នីសនាពេលអនាគត៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner