ថៃស្លាប់កើនដល់១២នាក់ ព្រោះទឹកជំនន់
បាងកក ៖ ទឹកជំនន់ថៃប៉ះពាល់ ដល់១៦ខេត្ត ផ្តាច់យកជីវិតមនុស្ស អស់១២នាក់ហើយ គិតត្រឹមថ្ងៃចន្ទ។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីថ្ងៃទី៦ ខែតុលា បានបញ្ជាឱ្យ មានកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់ បន្ទាប់ពីទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ជាច្រើនថ្ងៃ និងព្យុះ បានវាយប្រហារខេត្តចំនួន ១៦ ក្នុងរយៈពេលមួយសប្តាហ៍ កន្លងមកនេះ ដោយបានសម្លាប់មនុស្ស ១២នាក់ និង ប៉ះពាល់ដល់ ជាង១០ម៉ឺនគ្រួសារ។
ក្រសួងមហាផ្ទៃបាននិយាយថា ទឹកជំនន់បានជន់លិចផ្នែក នៃភាគខាងជើង កណ្តាល និង ភាគឦសាន នៃប្រទេសថៃ ហើយ ខេត្ត Uttaradit នៅតំបន់ភាគខាងជើងខាងលើ ដែលមានមនុស្សចំនួន ៥នាក់បានស្លាប់ ស្ថិតក្នុងចំណោមការវាយប្រហារ ដ៏អាក្រក់បំផុត។
អ្នកស្រុកម្នាក់ ឈ្មោះថា Sakchai បានប្រាប់ទូរទស្សន៍រដ្ឋ ThaiPBS ថា «ទឹកបានឡើងយ៉ាងលឿន យើងបានរើទៅដំបូល ប៉ុន្តែ វាបានដួលរលំ ហើយយើងត្រូវចាកចេញ» ។ លោកបានមានប្រសាសន៍ថា «យើងកំពុងស្នាក់នៅវត្តមួយ ឥឡូវនេះ»។
លោក Anutin បាននិយាយថា ក្រុមមន្ត្រីកំពុងធ្វើការដើម្បីផ្តល់ជំនួយ និងវាយតម្លៃការខូចខាត ដោយអះអាងថា ពួកគេក៏បានត្រៀមខ្លួន សម្រាប់ទប់ទល់នឹងភ្លៀងបន្ថែមទៀត ខណៈរដូវមូសុង ចូលមកដល់។ លោកបាននិយាយ នៅក្នុងកិច្ចប្រជុំក្រុមការងារថា «ប្រទេសថៃកំពុងប្រឈមមុខនឹងទឹកជំនន់ ខ្យល់ព្យុះ និង ការបាក់ដី នៅទូទាំងខេត្ត ជាច្រើន ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និង ការបាត់បង់អាយុជីវិត យ៉ាងច្រើន»។
គួររម្លឹក កាលពីឆ្នាំមុន មនុស្ស២២នាក់បានស្លាប់ ដោយសារទឹកជំនន់ភ្លាមៗ និង ការរអិលបាក់ដី ដែលបណ្តាលមកពីភ្លៀងមូសុង នៅទូទាំងប្រទេសថៃ នេះបើតាមកាសែតវៀតណាម មួយនេះ ដដែល៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
