ADB បានអនុម័តដំណាក់កាលទីពីរនៃកម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល នៅកម្ពុជា ដែលមានទឹកប្រាក់ ៨២,៥ លានដុល្លារ
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានអនុម័តដំណាក់កាលទីពីរនៃ កម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល (ETSDP) របស់កម្ពុជាដែលមានទឹកប្រាក់ ៨២,៥លានដុល្លារ។ ដោយមានសហហិរញ្ញប្បទានពី មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund), មូលនិធិហិរញ្ញវត្ថុអាកាសធាតុអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Climate Finance Fund), មូលនិធិអាកាសធាតុបៃតង(Green Climate Fund), និងចក្រភពអង់គ្លេស តាមរយៈ មូលនិធិហរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន (ASEAN Catalytic Green Finance Facility) កម្មវិធីនេះមានគោលបំណង ផ្តល់ការគាំទ្រទូលំទូលាយ សម្រាប់អន្តរកម្មថាមពលស្អាត របស់ប្រទេស ដោយរួមបញ្ចូលគ្នានូវកំណែទម្រង់គោលនយោបាយជាមួយនឹងគម្រោងវិនិយោគបច្ចេកវិទ្យាថ្មីៗ។
កម្មវិធីដំណាក់កាលទីមួយដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២២ បានដាក់ចេញនូវវិធានការ គោលនយោបាយសំខាន់ៗ ដែលដឹកនាំវិស័យថាមពល ឆ្ពោះទៅរកការអភិវឌ្ឍថាមពលកកើតឡើងវិញប្រកបដោយប្រសិទ្ធភាព។ ផ្អែកលើមូលដ្ឋាននេះ កម្មវិធីដំណាក់កាលទីពីរ ជំរុញកំណែទម្រង់លិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹងក្របខ័ណ្ឌប្រសិទ្ធភាពថាមពល និងបង្កើនភាពច្បាស់លាស់ នៃគោលនយោបាយ សំដៅទាក់ទាញការវិនិយោគពីវិស័យឯកជន។ សមិទ្ធផលសំខាន់នៃកម្មវិធីនេះគឺ ការបង្កើតសំណុំបទប្បញ្ញត្តិដំបូងរបស់កម្ពុជាសម្រាប់បង្កើត ស្តង់ដារប្រសិទ្ធភាពថាមពលអប្បបរមា (Minimum Energy Performance Standards) សម្រាប់ឧបករណ៍អគ្គិសនី ដោយចាប់ផ្តើមពី ម៉ាស៊ីនត្រជាក់ ដែលរួមចំណែកធំបំផុតក្នុងការប្រើប្រាស់ថាមពលក្នុងវិស័យលំនៅដ្ឋាន ។
កម្មវិធីដំណាក់កាលទីពីរនេះ ក៏នឹងបង្កើតមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (Energy Efficiency Revolving Fund) ផងដែរ ក្នុងគោលបំណងសម្របសម្រួលលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ដើម្បីវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពល។ មូលនិធិបង្វិលនេះ នឹងត្រូវបានបង្កើតឡើងតាមរយៈរចនាសម្ព័ន្ធអន្តរការីហិរញ្ញវត្ថុ ដើម្បីឱ្យធនាគារក្នុងស្រុកអាចបង្កើនប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការវិនិយោគ លើប្រសិទ្ធភាពថាមពល។ តាមរយៈការបញ្ចូលស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និងការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម មូលនិធិបង្វិលនេះត្រូវបានរំពឹងថានឹងពន្លឿនការវិនិយោគលើប្រសិទ្ធភាពថាមពលនៅទូទាំងប្រទេសកម្ពុជា ។
នាយកស្តីទីធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោក Anthony Gill មានប្រសាសន៍ថា «ADB មានកិត្តិយសក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងដំណើរប្រកបដោយមហិច្ឆិតា និងការផ្លាស់ប្តូរ ក្នុងវិស័យថាមពល។ តាមរយៈកញ្ចប់ហិរញ្ញប្បទានកំណែទម្រង់ដ៏ទូលំទូលាយ ដែលរួមបញ្ចូលគ្នានូវការគាំទ្រ គោលនយោបាយជាមួយនឹងការវិនិយោគជាយុទ្ធសាស្ត្រ កម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល នឹងគាំទ្រការប្រែក្លាយចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឱ្យទៅជាលទ្ធផលជាក់ស្តែង។ ការងារនេះរួមបញ្ចូលទាំងគោលដៅនៃការសម្រេចបាននូវថាមពលកកើតឡើងវិញចំនួន ៧0% ក្នុងល្បាយថាមពល នៅត្រឹមឆ្នាំ២០៣០ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញប្រសិទ្ធភាពថាមពលប្រកបដោយតម្លៃសមរម្យ ដែលជាកត្តាចាំបាច់ដើម្បីធានាថាកំណើនរបស់កម្ពុជា នៅតែមាននិរន្តរភាព។»
កម្មវិធីដំណាក់កាលទីពីរនេះ នឹងត្រូវបន្តដោយដំណាក់កាលទីបីទៀតនៅ ឆ្នាំ២០២៧ ដែលនឹងធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការពង្រីកក្របខ័ណ្ឌបទប្បញ្ញត្តិប្រសិទ្ធភាពថាមពល និងការបង្កើតស្តង់ដារបច្ចេកទេសសម្រាប់ថាមពលកកើតឡើងវិញសម្រាប់ អគារ និងឧស្សាហកម្ម ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជនបន្ថែមទៀត ។
ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕


ដោយ ៖ ង៉ាន់ ទិត្យ