នាយករដ្ឋមន្ត្រី នៃកុំមិនវែលដូមីនីក នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា ក្នុងសប្តាហ៍នេះ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រី នៃកុំមិនដែលដូមីនីក នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅរសៀលថ្ងៃទី៧ ខែតុលា ។

សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នឹងអញ្ជើញចូលជួបសម្តែងការ គួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តមបណ្ឌិត Roosevelt Skerrit មកកាន់ព្រះរាជាណាចក្រកម្ពុជានេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជនទាំងពីរ ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner