ឥណ្ឌូនេស៊ីកាត់បន្ថយសុពលភាពរុករករ៉ែ ពី៣ឆ្នាំ មកត្រឹម ១ឆ្នាំ

ហ្សាកាតា ៖ ក្រសួងរ៉ែរបស់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី៧ ខែតុលា នេះ បានចេញ បទប្បញ្ញត្តិថ្មីមួយ ដែលកាត់បន្ថយសុពលភាពនៃកូតាផលិតកម្មរ៉ែ ពី ៣ឆ្នាំ មកនៅត្រឹម ១ឆ្នាំ ដើម្បីគ្រប់គ្រងធនធានទាំងនេះ ឲ្យមានប្រសិទ្ធិភាព។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA បានឲ្យដឹងថា វិធានការនេះ ធ្វើឡើង ក្នុងគោលបំណងផ្តល់ឱ្យរដ្ឋាភិបាល នូវការគ្រប់គ្រងបន្ថែមទៀត លើកម្រិត ទិន្នផលរ៉ែ និង គាំទ្រដល់តម្លៃទំនិញ ប្រភេទនេះ។

ក្រសួងបានអះអាងថា ការផ្លាស់ប្តូរនេះ នឹងមានប្រសិទ្ធភាព ភ្លាមៗ មានន័យថា កូតាសម្រាប់ឆ្នាំ២០២៥ នៅតែមានសុពលភាព ប៉ុន្តែ ក្រុមហ៊ុនរុករករ៉ែនឹងត្រូវស្នើសុំ ឡើងវិញ នូវកូតាដែលបានចេញពីមុន សម្រាប់ឆ្នាំ ២០២៦ និង ឆ្នាំ ២០២៧។

លោក Bahlil Lahadalia រដ្ឋមន្ត្រីក្រសួងរ៉ែ ធ្លាប់បានប្រកាស កាលពីខែកក្កដា ថា ផែនការផ្លាស់ប្តូរប្រព័ន្ធកូតានេះ នឹងជួយគ្រប់គ្រងទិន្នផលរុករករ៉ែ របស់ប្រទេស ឥណ្ឌូនេស៊ី និងគាំទ្រតម្លៃទំនិញប្រភេទនេះ មានដូចជា ធ្យូងថ្ម និង នីកែល ជាដើម។

យ៉ាងណាមិញ ក្រុមអ្នករុករករ៉ែនីកែល ហៅកាត់ APNI បានអំពាវនាវឱ្យរដ្ឋាភិបាល រក្សាសុពលភាព នៃ កូតាក្នុងរយៈពេល បីឆ្នាំ ដដែល ដើម្បីធានាបាននូវបរិយាកាសធុរកិច្ច ជាប់លាប់។

ឥណ្ឌូណេស៊ី នៅតែជាប្រទេសផលិតដ៏ធំបំផុតមួយ នៅលើពិភពលោក លើទំនិញលោហធាតុ មានដូចជា មាស ទង់ដែង នីកែល និង cobalt ។ នៅឆ្នាំ ២០២៣ ប្រទេសនេះ បានរក្សាចំណាត់ថ្នាក់របស់ខ្លួនជាប្រទេសផលិតកំពូល នៃថ្មនីកែលដែលជីកបាន ក្នុងនោះ មានទំហំស្មើនឹងជាងពាក់កណ្តាល នៃផលិតកម្មពិភពលោកសរុប នេះបើតាមគេហទំព័រស្រាវជ្រាវ S&P Global៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner