វៀតណាមអាចកើន GDP នាំមុខគេ នៅអាស៊ីបូព៌ា-ប៉ាស៊ីហ្វិក ក្នុងឆ្នាំនេះ
ហាណូយ ៖ ប្រទេស វៀតណាម ត្រូវព្យាករណ៍ថា នឹងនាំមុខគេ នៅអាស៊ីបូព៌ា-ប៉ាស៊ីហ្វិក ជុំវិញកំណើន GDP ឬ ផលិតផលក្នុងស្រុកសរុប នៅឆ្នាំ២០២៥នេះ។
យោងតាមធនាគារពិភពលោក បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៦.៦% នៅឆ្នាំ២០២៥ ដែលជាកំណើនលឿនបំផុត ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
ការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ច «អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក» របស់ធនាគារពិភពលោក ហៅកាត់ WB ដែលបានចេញផ្សាយ សម្រាប់ខែតុលា បានព្យាករថា ការពង្រីកទាំងមូលរបស់ប្លុកនេះ នឹងបន្ធូរបន្ថយ មកត្រឹម ៤.៨% ក្នុងឆ្នាំ២០២៥ ពោលគឺបានធ្លាក់ពី ៥% កាលពីឆ្នាំមុន។ បន្ទាប់មក ធ្លាក់ចុះបន្ថែមទៀត ទៅ៤.៣% ក្នុងឆ្នាំបន្ទាប់ ដោយសារឧបសគ្គពាណិជ្ជកម្ម, ភាពមិនប្រាកដប្រជា នៃភូមិសាស្ត្រនយោបាយ និង ការពឹងផ្អែកលើការជំរុញសារពើពន្ធ មានទម្ងន់ លើសន្ទុះ។
តែ ធនាគារពិភពលោក ថា សម្រាប់វៀតណាម ការងើបឡើងវិញយ៉ាងរឹងមាំ គាំទ្រទស្សនវិស័យរបស់ប្រទេសនេះ ដោយសារតែការស្ទុះងើបឡើងវិញ នៃ ផលិតកម្មយ៉ាងខ្លាំង និង ការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ ដែលគាំទ្រ ដោយការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព, អតិផរណាដែលត្រូវបានកាត់បន្ថយ និង ជំនួយក្រោយជំងឺរាតត្បាត សម្រាប់ក្រុមហ៊ុននានា។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូរបស់ WB ប្រចាំតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិក បានសង្កត់ធ្ងន់ថា ប្រហែល ៨០% នៃការងារថ្មីរបស់វៀតណាម បានមកពីក្រុមហ៊ុនថ្មី និងសកម្ម ដែលជាសញ្ញាវិជ្ជមាន បង្ហាញពីភាពរឹងមាំ នៃវិស័យឯកជន។
របាយការណ៍នេះ ក៏បានគូសបញ្ជាក់ អំពីផលប៉ះពាល់ ពីពន្ធថ្មី របស់សហរដ្ឋអាមេរិក លើអ្នកនាំចេញ ក្នុងតំបន់ តែ សម្រាប់ប្រទេសវៀតណាម លោក Mattoo បាននិយាយថា វិធានការតបត គួរតែលើសពីការធ្វើពិពិធកម្មការនាំចេញ ដើម្បីពង្រឹងតម្រូវការក្នុងស្រុក និងជំរុញផលិតកម្ម ដែលនឹងបន្ថែមតម្លៃ៕
ប្រភពពីVNexpress ប្រែសម្រួល ៖ សារ៉ាត
