មន្ទីរពេទ្យកុមារអង្គរ បើកយុទ្ធនាការរៃអង្គាសថវិកា ជួយសង្គ្រោះកុមារមានជំងឺមហារីកកម្ពុជា រយៈពេញ ១ខែតុលានេះ
(ភ្នំពេញ)៖ យុទ្ធនាការ “រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក” បានបើកដំណើរការហើយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកកុមារ និងដើម្បីរៃអង្គាសមូលនិធិសម្រាប់ដំណើរការនៅក្នុងមន្ទីរពេទ្យ ។
មន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) ជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ផ្តល់សេវាថែទាំសុខភាពកុមារឈានមុខមួយប្រកបដោយគុណភាពខ្ពស់ ក្តីមេត្តាករុណា និងមិនគិតកម្រៃសម្រាប់អ្នកគ្មានលទ្ធភាព ។ យុទ្ធនាការ “រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក” បានចាប់ផ្តើមបើកដំណើរការ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលដៅ រៃអង្គាសថវិកាដើម្បីបំពេញនូវកង្វះខាតថវិកាមន្ទីរពេទ្យកុមារអង្គរចំនួន ២០ម៉ឺនដុល្លារអាមេរិក ដែលអាចប៉ះពាល់ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តផ្តល់ការព្យាបាល និងថែទាំសង្គ្រោះអាយុជីវិតរហូតដល់ដំណាច់ឆ្នាំនេះ។
លើសពីការរៃអង្គាសថវិកា មន្ទីរពេទ្យកុមារអង្គរ ក៏នឹងជំរុញការយល់ដឹងអំពីជំងឺមហារីកកុមារ តាមរយៈការផ្សព្វផ្សាយលើវេទិកាឌីជីថល បណ្តាញសង្គម និងការចូលរួមដៃគូពីសាជីវកម្ម សិល្បករ សិល្បការិនី និងសាធារណៈជននានា។ ពិធីបើកដំណើរការជាផ្លូវការ បានធ្វើឡើងនៅបុរីប៉េង ហួត បឹងស្នោ ក្នុងរាជធានីភ្នំពេញ ដែលមានចូលរួមពីលោកគ្រូ អ្នកគ្រូវេជ្ជបណ្ឌិតជំនាញមហារីក មន្ទីរពេទ្យកុមារអង្គរ អ្នកនិយាយសាធារណៈល្បីៗ និងសប្បុជនខ្មែរជាច្រើនរូប ។
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា “ការគាំទ្ររបស់អ្នកមានន័យលើសពីការបរិច្ចាគ។ ថវិកាមិនថាតិច ឬច្រើន នឹងបានជាចំណែកនៅក្នុងការព្យាបាលកុមារជាច្រើន ជាពិសេសកុមារដែលមានជំងឺមហារីក ឱ្យទទួលបានួូវសុខភាពល្អ ដូចជាកុមារជាច្រើនទៀត។”
វេជ្ជបណ្ឌិត ប៊ុន សិរីលក្ខណ៍ គ្រូពេទ្យឯកទេសជំងឺមហារីកកុមារនៃមន្ទីរពេទ្យកុមារអង្គរ និងជាសមាជិកនៃផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកបានថ្លែងពីចំណាប់អារម្មណ៍ថា “ក្នុងនាមជាគ្រូពេទ្យឯកទេសជំងឺមហារីកកុមារ គឺពិតជាពិបាកណាស់ នៅពេលមើលឃើញកុមាររងការឈឺចាប់ពីជំងឺមហារីក។ កុមារគ្រប់រូបគួរតែទទួលបានឱកាស ពិនិត្យ ព្យាបាល ដើ ម្បីរស់រាន និងលេងកម្សាន្តដូចគេដែរ។”
យោងតាមផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (National Cancer Control Plan) ប្រទេសកម្ពុជា មានករណីមហារីកកុមារប្រមាណ ៥៥៣ ករណី ក្នុងឆ្នាំ២០២០ ដោយជំងឺមហារីកឈាមស្រួចស្រាវមានចំនួនជិត៣០% ។ ខណៈពេលដែល ៨០% នៃកុមារដែលមានជំងឺមហារីកអាចរស់រានមានជីវិតនៅទូទាំងពិភពលោក នៅក្នុងប្រទេសកម្ពុជា អត្រារស់រានមានជីវិតគឺមានត្រឹម ២០% ប៉ុណ្ណោះ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ រៀងរាល់ ៤០នាទីម្តង មនុស្សម្នាក់បានស្លាប់ដោយសារជំងឺមហារីកនៅក្នុងប្រទេសកម្ពុជា។
នៅជាមួយគ្នានោះ ការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គររួមបញ្ចូលគ្នានូវការវះកាត់ ការព្យាបាលដោយចាក់ថ្នាំគីមី ឡាស៊ែរ និងការព្យាបាលដោយប្រើគ្រីស្តាល់ រួមជាមួយនឹងការគ្រប់គ្រងការឈឺចាប់ ។ គ្រួសារ អាណាព្យាបាល ក៏ទទួលបានការប្រឹក្សាប្រាក់ឧបត្ថម្ភធ្វើដំណើរ ជំនួយអាហារ និងការអប់រំ ដើម្បីជួយមើលថែទាំកូនៗនៅផ្ទះ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វ៉េង លឹមហួត


















