ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា ប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤

(ភ្នំពេញ)៖ ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ គឺជាផែនការយុទ្ធសាស្រ្តរយៈពេល ១០ឆ្នាំ លើកដំបូង សម្រាប់វិស័យសុខាភិបាល តាមរយៈផែនការនេះនឹងរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ក្នុងការលុបបំបាត់ជំងឺឆ្លងសំខាន់ៗ ការកាត់បន្ថយមរណភាព មាតា ទារក និងកុមារ ការកែលម្អសុខភាពបន្តពូជ ការបង្ការ និងការគ្រប់គ្រងជំងឺឆ្លងចម្បងៗ រួមជាមួយការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម និងភាពប្រសើរឡើង នៃកត្តាសង្គមដែលមានឥទិ្ធពលលើសុខភាព បានធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាព និងគុណភាពជីវិតរស់នៅរបស់ប្រជាជនកម្ពុជាប្រសើរឡើងជាលំដាប់ និង អាយុកាលរស់នៅរំពឹងទុកខ្ពស់ ។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ក្នុងពិធីប្រកាសដាក់ឱ្យ អនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី មានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្របានកំណត់នូវទិសដៅនៃការអភិវឌ្ឍ នវានុវត្តន៍ និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល ក្នុងអំឡុងសតវត្សរ៍ខាងមុខ ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យសុខភាពរយៈពេលវែង គឺប្រជាពលរដ្ឋកម្ពុជាគ្រប់រូបរស់នៅប្រកបដោយសុខភាព និងសុខុមាលភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍមូលធនមនុស្ស និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ។

ឯកឧត្តមសាស្រ្តាចារ្យ ក៏បានគូសបញ្ជាក់ពីខ្លឹមសារសំខាន់នៅក្នុងឯកសារផែនការយុទ្ធសាស្រ្ត បង្ហាញពីគោលដៅ គោលបំណងពី គុណភាព ប្រសិទ្ធភាព សមធម៌ ជាពិសេសរបាំងផ្នែកហិរញ្ញវត្ថុ ឈានទៅសម្រេចគោលដៅការគ្របដណ្តប់សុខភាពសកល ។

ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ នឹងបន្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេស កម្មវិធីគោលនយោបាយ អាទិភាពទី១ ការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ព្រមទាំងផែនការយុទ្ធសាស្រ្តសុខាភិបាល ២០២៥-២០៣៤ ដើម្បីសុខភាព និង សុខុមាលភាពប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងប្រជាពលរដ្ឋជំនាន់ក្រោយ ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner