ផែនការចុះបណ្តុះបណ្តាល ស្តីពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ នៃអគ្គស្នងការនគរបាលជាតិ បានចូលទៅដល់ខណ្ឌដង្កោ

(ភ្នំពេញ)៖ ផែនការចុះបណ្តុះបណ្តាល នៃអគ្គស្នងការនគរបាលជាតិ ស្តីពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ នៅតាមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដល់មន្ត្រីមានសមត្ថកិច្ច និងម្ចាស់អាជីវកម្មកម្សាន្ត បានចូលទៅដល់ខណ្ឌដង្កោហើយ ។ ខណ្ឌដង្កោ គឺជាជាខណ្ឌទី៤ហើយ នៃផែនការចុះបណ្តុះបណ្តាល ដែលបានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០២៥ មក ដែលរួមមាន ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌដង្កោនេះ និងបន្តមានជាបន្តបន្ទាប់ទៀត ។ វគ្គបណ្តុះបណ្តាល ពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងខណ្ឌដង្កោនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ដែលអញ្ជើញចូលរួមជាអធិបតី និងបណ្តុះបណ្តាល ដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង ទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយផ្ទាល់ ។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បានលើកឡើងថា អំពើជួញដូរមនុស្ស គឺជាបទឧក្រិដ្ឋ ដែលទាមទារឲ្យមានការចូលរួមយ៉ាងខ្លាំងខ្លាពីសមត្ថកិច្ចពាក់ព័ន្ធ អង្គការដៃគូ និងប្រជាពលរដ្ឋផងដែរ ។ រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ បានប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះ ដែលតម្រូវឲ្យមានការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល ការលើកកម្ពស់សមត្ថភាព គឺជារឿងចាំបាច់ ដើម្បីឱ្យមានការចូលរួម និងស្វែងយល់ឲ្យដឹងពីអត្តសញ្ញាណនៃអំពើជួញដូរមនុស្សជាតិ ថាកើតចេញពីអ្វី និងអ្វីទៅដែលហៅថា អំពើជួញដូរមនុស្ស។

វគ្គបណ្តុះបណ្តាលនេះ បានទទួលការគាំទ្រ និងសហការពី អង្គការម៉ារាស៊ី ហើយសិក្ខាកាម ដែលអញ្ជើញចូលរួមសិក្សា គឺជាអាជ្ញាធរមូលដ្ឋាន មកពីគ្រប់សង្កាត់ក្នុងខណ្ឌដង្កោ និងម្ចាស់ ឬតំណាងទីតាំងអាជីវកម្មកម្សាន្ត ដែលមានវត្តមាននៅក្នុងខណ្ឌដង្កោ ។

គោលបំណងសំខាន់ នៃការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងការអនុវត្តច្បាប់ ដែលនឹងធ្វើឲ្យមន្រ្តីអនុវត្តច្បាប់យល់ច្បាស់ពីនីតិវិធីនៃការបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារ ដែលមានភាពស្មុគស្មាញ និងទាក់ទងនឹងបច្ចេកវិទ្យា ។

មួយវិញទៀត ក៏ដើម្បីដាស់តឿនម្ចាស់អាជីវកម្ម ឲ្យយល់ដឹងពីហានិភ័យផ្លូវច្បាប់នៃការប្រើប្រាស់អនីតិជន និងជំរុញឲ្យសម្អាត និងធានាភាពស្អាតស្អំចំពោះទីតាំងរបស់ខ្លួន ដើម្បីចូលរួមអនុវត្តគោលនយោបាយ «ភូមិ សង្កាត់មានសុវត្ថិភាព» ផងដែរ ។
ការប្រឆាំងនឹងការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទកុមារ គឺជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការបង្រ្កាប និងទប់ស្កាត់ ហើយអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ត្រូវបានគេឃើញតែងមានលាក់ខ្លួននៅតាមបណ្តាទីតាំងអាជីវកម្មកម្សាន្តមួយចំនួន ដូចជា កន្លែងកម្សាន្តសម្រាប់មនុស្សពេញវ័យ ដូចជាអង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្កាឌិន និងហាងម៉ាស្សាជាដើម ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

ads banner