ទឹកទន្លេវៀតណាមឡើងខ្លាំង មិនធ្លាប់មាន ក្នុងពេលជិត៤០ឆ្នាំ

ហាណូយ ៖ ប្រទេស វៀតណាម បានកត់ត្រា ពីកម្រិតទឹកជំនន់ខ្ពស់បំផុត នៅលើទន្លេ ចំនួនបី មិនធ្លាប់មាន ក្នុងរយៈពេលជិត ៤០ឆ្នាំ មកនេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ កាលពីថ្ងៃពុធថា ប្រទេស វៀតណាម បានកត់ត្រាកម្រិតទឹកជំនន់នៅលើទន្លេចំនួន បី រួមមាន ទន្លេ Bang, Thuong និង ទន្លេ Trung នៅភាគខាងជើងប្រទេស ខ្ពស់បំផុត តាំងពីឆ្នាំ ១៩៨៦មក។

ទូរទស្សន៍រដ្ឋ វៀតណាម បានអះអាងថា មនុស្សរាប់ម៉ឺននាក់ បានទុកផ្ទះចោល ឬ ភៀសខ្លួន ចេញពីទឹកជំនន់ ដែលឡើងដល់ដំបូលរថយន្ត នៅក្នុងតំបន់ ចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ភាគខាងជើង ពីរដ្ឋធានី ហាណូយ។

រដ្ឋាភិបាលបាននិយាយថា ទឹកជំនន់បានជន់លិចតាមដងផ្លូវ នៅក្នុងសហគមន៍ជាច្រើន ដោយក្នុងនោះ មនុស្ស យ៉ាងហោចណាស់ ៨នាក់ បានស្លាប់ នៅក្នុងសប្តាហ៍នេះ។

ទហាន៣ម៉ឺន បានចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ ហើយ មានការប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីទម្លាក់ទឹក, មីកញ្ចប់, នំ, ទឹកដោះគោ និង អាវពោង ដល់ប្រជាជន នៅតាមតំបន់លិចទឹក។

អ្នកវិទ្យាសាស្ត្រ និយាយថា ការប្រែប្រួលអាកាសធាតុ ដែលជំរុញដោយមនុស្ស កំពុង បានធ្វើឱ្យព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដូចជា ព្យុះទីហ្វុង កាន់តែសម្លាប់មនុស្ស និង បំផ្លិចបំផ្លាញ។

ទឹកជំនន់ចុងក្រោយនេះ បានកើតមានឡើង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលបង្កពីព្យុះទីហ្វុង Matmo បានវាយប្រហារ ភាគខាងជើង យ៉ាងធ្ងន់ធ្ងរ។
ព្យុះ Matmo បានមកដល់ នៅត្រឹមតែ មួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្យុះទីហ្វុង Bualoi បានបង្ក ជាទឹកជំនន់ រីករាលដាល នៅវៀតណាម ដោយបានសម្លាប់មនុស្ស យ៉ាងតិច ៥៦នាក់ និងបណ្តាលឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ច ប្រមាណជាង ៧១០លានដុល្លារ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner