ចិន និងម៉ាឡេស៊ី គ្រោងធ្វើសមយុទ្ធយោធារួមគ្នាក្នុងខែនេះ

ប៉េកាំង ៖ កងទ័ពមកពីប្រទេសចិន និងម៉ាឡេស៊ី គ្រោងធ្វើសមយុទ្ធយោធារួមគ្នាក្នុងខែតុលានេះ នៅប្រទេសម៉ាឡេស៊ី និងដែនទឹកក្បែរនោះ ដោយផ្តោតលើវិធានការសង្គ្រោះគ្រោះមហន្តរាយ និងការប្រយុទ្ធប្រឆាំងជាមួយក្រុមចោរសមុទ្រជាដើម នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិចិន និងប្រព័ន្ធផ្សព្វផ្សាយ។

យោងតាមការចុះផ្សាយដោយសារព័ត៌មានចិន The China Military Bugle បានឱ្យដឹងថា កងកម្លាំងមកពីមូលដ្ឋានយោធាចិននៅទីក្រុង Zhanjiang, Sanya និងហុងកុង នឹងធ្វើដំណើរទៅចូលរួមសមយុទ្ធយោធា ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី១៥ ដល់ទី២៣ ខែតុលាខាងមុខ។

កងទ័ពជាង ១,០០០នាក់មកពីភាគីទាំងសងខាង ក្នុងនោះជាង ៧០០នាក់មកពីប្រទេសចិន ត្រូវបានរំពឹងថា នឹងចូលរួមសមយុទ្ធនេះ ហើយក៏រួមមានទាំងឧបករណ៍យោធាមួយចំនួន គិតចាប់ពីនាវាចម្បាំង និងឧទ្ធម្ភាគចក្ររហូតដល់ប្រព័ន្ធគ្មានមនុស្សបញ្ជា។

បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិចិន, សមយុទ្ធលើកទី៦នេះ នឹងផ្តោតសំខាន់លើការផ្តល់ជំនួយមនុស្សធម៌ ជំនួយសង្គ្រោះគ្រោះមហន្តរាយ និងសន្តិសុខដែនសមុទ្រ ហើយក៏បានអញ្ជើញក្រុមអ្នកសង្កេតការណ៍មកពីប្រទេសអាស៊ានចូលរួមផងដែរ។

ក្រសួងថា ល្បែងសង្គ្រាមនេះមានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងយោធាចិន និងអាស៊ាន ពិសេសបង្កើនសមត្ថភាពការពារជាតិប្រទេសរបស់ពួកគេ សំដៅរួមគ្នាដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ កាលពីឆ្នាំ ២០២៣ ចិនធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធលើកទី៥ ដែលមានកម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាមចូលរួម៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner