កម្ពុជាប្រាប់ទៅទីបញ្ជាការកងកម្លាំងបូព៌ាថៃឱ្យផ្អាកផែនការដោះមីននៅតំបន់ភូមិជោគជ័យ និងតំបន់ភូមិព្រៃចាន់ ព្រោះធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី១ GBC
ភ្នំពេញ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ នៅរាត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ថានៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ បានផ្ញើលិខិតឆ្លើយតបនឹងសេចក្តីជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខនឹងតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខនឹងតំបន់ភូមិណងយ៉ាកែវ (ថៃ) របស់កងកម្លាំងបូព៌ានៃកងទ័ពភូមិភាគទី១ ថៃ ។
លិខិតឆ្លើយតបបានបញ្ជាក់ថា ការជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ(កម្ពុជា) ទល់មុខតំបន់ភូមិណងចាន់ (ថៃ)និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខតំបន់ភូមិណងយ៉ាកែវ (ថៃ) ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែតុលាឆ្នាំ២០២៥ ស្អែកនេះ ដោយទីបញ្ជាការកងកម្លាំងបូព៌ា ធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC)។
ដូចនេះបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ ស្នើឱ្យទីបញ្ជាការកងកម្លាំងបូព៌ា ផ្អាកសកម្មភាពដូចដែលមានចែងក្នុងលិខិតជូនដំណឹងខាងលើ ដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយរង់ចាំការសម្រេចពីថ្នាក់លើ និងតាមបែបបទនីតិវិធីដែលត្រូវកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិ (SOP)របស់ក្រុមការងារ JCTF។បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ សង្ឃឹមយ៉ាងមុតមាំថា ទីបញ្ជាការកងកម្លាំងបូព៌ាទទួលបានការឆ្លើយតបនេះ និងផ្តល់កិច្ចសហការបានល្អ៕
សូមជូនខ្លឹមសារលិខិតឆ្លើយតប៖
ដោយ៖ម៉ាដេប៉ូ



