ក្រសួងសង្គ្រាមអាមេរិកអនុម័តផែនការផលិតយន្តហោះចម្បាំងជំនាន់ថ្មីសម្រាប់កងទ័ពជើងទឹក

វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីសង្គ្រាមអាមេរិក លោក Pete Hegseth បានសម្រេចចិត្តបើកភ្លើងបៃតងលើផែនការផលិតយន្តហោះចម្បាំងបំបាំងកាយជំនាន់ថ្មីសម្រាប់កងទ័ពជើងទឹក បន្ទាប់ពីការពន្យារពេលអស់ជាច្រើនខែ។

សារព័ត៌មាន RT បានចេញផ្សាយកាលពីថ្ងៃពុធថា មន្ទីរបញ្ចកោណត្រូវបានគេរាយការណ៍ថា នឹងធ្វើការជ្រើសរើសក្រុមហ៊ុនដឹកនាំការរចនាយន្តហោះចម្បាំងបំបាំងកាយ F/A-XX ឱ្យបានឆាប់បំផុតយ៉ាងយូរត្រឹមសប្តាហ៍នេះ។

យន្តហោះចម្បាំង F/A-XX ត្រូវបានគេរំពឹងថា នឹងរចនាឡើងដោយបំពាក់នូវសមត្ថភាពបំបាំងកាយកម្រិតខ្ពស់ និង កម្លាំងល្បឿនហោះហើរកាន់តែប្រសើរ ពិសេសអាចរួមបញ្ចលទាំងបច្ចេកវិទ្យាហោះហើរគ្មានមនុស្សបើក និងប្រព័ន្ធការពារដែនអាកាស ដែលនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរត់ប្រជែងឥទ្ធិពលជាមួយប្រទេសចិន។

ប្រភពបានបង្ហើបឱ្យដឹងថា លោករដ្ឋមន្រ្តីសង្គ្រាម Hegseth បានសម្រេចចិត្តលើផែនការផលិតយន្តហោះចម្បាំង F/A-XX កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ។ ហើយក្រុមហ៊ុនផលិតសព្វាវុធការពារជាតិ ដែលអាចនឹងដេញថ្លៃឈ្នះគម្រោងផលិតយន្តហោះចម្បាំងមានតម្លៃរាប់ពាន់លានដុល្លារនេះ ទំនងជាក្រុមហ៊ុន Boeing និង Northrop Grumman។

គួរបញ្ជាក់ថា ផែនការផលិតយន្តហោះចម្បាំងជំនាន់ថ្មី F/A-XX ត្រូវបានជាប់គាំងរាប់ខែ ដោយសារតែជម្លោះថវិការវាងក្រសួងសង្គ្រាម និងសភាអាមេរិក។

ហើយនៅទីបំផុត សភាបានបញ្ចេញថវិកាទំហំ ៧៥០ពាន់លានដុល្លារ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍន៍យន្តហោះ F/A-XX ទៅក្នុងកម្មវិធី ‘Big Beautiful Bill’ របស់លោកប្រធានាធិបតី Donald Trump ដែលត្រូវបានចុះហត្ថលេខាឱ្យក្លាយជាច្បាប់នៅដើមខែកក្កដា។

យោងតាមការរំពឹងទុកនោះ យន្តហោះចម្បាំងបំបាំងកាយជំនាន់ថ្មី នឹងចូលខ្លួនមកជំនួសកងយន្តហោះចម្បាំងសេរីចាស់ F/A-18E/F Super Hornet របស់កងទ័ពជើងទឹក ដែលធ្វើប្រតិបត្តិការចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មក។

ហើយយន្តហោះចម្បាំងបំបាំងកាយ F/A-XXs គ្រឿងដំបូងគេ នឹងត្រូវដាក់ដំណើរការនៅក្នុងឆ្នាំ ២០៣០។ យ៉ាងណា ក្រសួងសង្គ្រាមមិនទាន់បញ្ជាក់លំអិតពីចំនួនយន្តហោះដែលត្រូវផលិត តម្លៃរបស់វា និងពេលវេលាផលិតរួចរាល់នៅឡើយទេ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner