រុស្ស៊ីទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះអាស៊ែបៃហ្សង់
មូស្គូ ៖ នៅទីបំផុត! លោក ពូទីន បានសារភាពថា រុស្ស៊ីទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះដឹកអ្នកដំណើរ របស់ប្រទេស អាស៊ែបៃហ្សង់ កាលពីឆ្នាំមុន។
លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ ប្រធានាធិបតី អាស៊ែបៃហ្សង់ នៅទីក្រុងមូស្គូ កាលពីថ្ងៃទី៩ ខែតុលា ថា លោកសុំទោស ហើយ ទីក្រុងមូស្គូនឹងផ្តល់សំណង។
លោកពូទីនបាននិយាយថា «កាំជ្រួចពីរគ្រឿង ដែលត្រូវបានបាញ់នោះ មិនបានវាយប្រហារដោយផ្ទាល់ ទៅលើយន្តហោះនោះទេ។ ប្រសិនបើរឿងនេះ កើតឡើងមែន វានឹងធ្លាក់នៅនឹងកន្លែងហើយ»។ លោកបាននិយាយថា «ប្រទេសរុស្ស៊ីនឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ នៅក្នុងករណីសោកនាដកម្មបែបនេះដើម្បីផ្តល់សំណងហើយសកម្មភាពរបស់មន្ត្រីទាំងអស់នឹងត្រូវបានវាយតម្លៃ តាមផ្លូវច្បាប់»។
រីឯមេដឹកនាំប្រទេសអាស៊ែបៃហ្សង់ លោក Ilham Aliyev ដែលធ្លាប់បានចោទប្រកាន់រុស្ស៊ីថា ប៉ុនប៉ងលាក់បាំងមូលហេតុពិត នៃការធ្លាក់យន្តហោះនេះ បានថ្លែងអំណរគុណ ចំពោះមេដឹកនាំរុស្ស៊ីរូបនេះ សម្រាប់ការតាមដានវឌ្ឍនភាព នៃ ការស៊ើបអង្កេត លើឧប្បត្តិហេតុ ដ៏សាហាវនេះ។
វិមានក្រឹមឡាំងបាននិយាយថា លោក Ilham Aliyev បានថ្លែងអំណរគុណចំពោះលោកពូទីនសម្រាប់ការផ្តល់ “ព័ត៌មានលំអិតអំពីសោកនាដកម្ម” ។ សេចក្តីថ្លែងការណ៍ដំបូង ដោយទីភ្នាក់ងារដឹកជញ្ជូនតាមផ្លូវអាកាសរបស់រុស្ស៊ី បានប្រាប់ថា យន្តហោះ Embraer 190 មួយគ្រឿងនេះ ត្រូវបានបង្ខំឱ្យបង្វែរទិសដៅ បន្ទាប់ពី រងការវាយប្រហារ របស់បក្សី។
ពេលនោះហើយ ដែលធ្វើរុស្សីមានទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាមួយ អាស៊ែបៃហ្សង់ ដែលជារដ្ឋក្រោយសូវៀត សម្បូរប្រេង ជាមួយនឹងទំនាក់ទំនងជិតស្និទ្ធ ជាប្រវត្តិសាស្ត្រុំ
អាជ្ញាធរ បាននិយាយថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ យន្តហោះ១គ្រឿង ដែលកំពុងធ្វើដំណើរ ស្រាប់តែត្រូវបានវាយប្រហារ ដោយអាវុធការពារដែនអាកាសរុស្ស៊ី ដោយច្រឡំ។ បន្ទាប់មក អ្នកបើកយន្តហោះបានព្យាយាមចុះចតជាបន្ទាន់ នៅភាគខាងលិច ប្រទេស កាហ្សាក់ស្ថាន ប៉ុន្តែ យន្តហោះបានធ្លាក់ ស្លាប់មនុស្ស ៣៨នាក់ ក្នុងចំណោមមនុស្ស ៦៧នាក់ នៅលើយន្តហោះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត




